រាជាណាចក្រព្រុស

ព្រះរាជាណាចក្រព្រុស

Königreich von Preußen (ភាសាអាល្លឺម៉ង់)
១៧០១–១៩១៨
Flag of ព្រុស
ទង់រដ្ឋ
(១៨០៣–១៨៩២)
វរលញ្ឆករ
(១៧០១–១៨៧១)
ភ្លេងជាតិ
Borussia
"ព្រុស"
(១៨២០–១៨៣០)
Preußenlied
"ចម្រៀងនៃព្រុស"
(១៨៣០–១៨៤០)
ព្រះរាជភ្លេង
"Heil dir im Siegerkranz"
"ព្រះរាជសាទរដល់លោកនឹងមកុងជ័យ"
(១៩៧៥–១៩១៨)
ទឹកដីព្រុស (ក្រហម) នៅក្នុងចក្រភពអាល្លឺម៉ង់ពីចន្លោះឆ្នាំ១៩៧១–១៩១៨
ទឹកដីព្រុស (ក្រហម) នៅក្នុងចក្រភពអាល្លឺម៉ង់ពីចន្លោះឆ្នាំ១៩៧១–១៩១៨
ស្ថានភាព{#if: | |អាណាចក្រ[ស ១]
រាជធានីប៊ែរឡាំង
ខូនីស្សប៊ឺក (១៨០៦–១៨០៩)
ភាសាទូទៅ ភាសាអាល្លឺម៉ង់ (ជាផ្លូវការ)
រដ្ឋាភិបាលរាជាធិបតេយ្យផ្តាច់ការ (ដល់ឆ្នាំ១៨៤៨)
រាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញ (ពីឆ្នាំ១៨៤៨)
ព្រះមហាក្សត្រ 
▪ ១៧០១–១៧១៣
ហ្វ្រីឌ្រិចទី១ (ដំបូង)
▪ ១៨៨៨–១៩១៨
វិលហែលម៍ទី២ (ក្រោយ)
ប្រធានរដ្ឋមន្ត្រី[ស ២] 
▪ ១៨៤៨
អាដុល ហែនរិច វន អានីម-បោតហ្សិនបួក (ដំបូង)
▪ ១៩១៨
ម៉ាក្ស៍ វន បាដ៍ (ក្រោយ)
នីតិបញ្ញត្តិរដ្ឋសភា
ព្រឹទ្ធសភា
• សភាជាន់ទាប
សភាតំណាងរាស្រ្ត
សម័យកាលប្រវត្តិសាស្រ្តចក្រពត្តិនិយមថ្មី
សង្គ្រាមលោកលើកទី១
▪ ពិធីបរមរាជាភិសេកព្រះអង្គហ្រ្វេឌឺរិចទី១
១៨ មករា ១៧០១
▪ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវរំលាយ
៦ សីហា ១៨០៦
▪ និម្មិតកម្មនៃសហព័ន្ធអាល្លឺម៉ង់
៨ មិថុនា ១៨១៥
▪ អនុម័តរដ្ឋធម្មនុញ្ញ
៥ ធ្នូ ១៨៤៨
▪ សន្ធិសញ្ញាសហព័ន្ធអាល្លឺម៉ង់ខាងជើង
១៨ សីហា ១៨៦៦
▪ ចក្រភពអាល្លឺម៉ង់ត្រូវបានប្រកាស
១៨ មករា ១៨៧១
▪ រដ្ឋសេរីព្រុសត្រូវបានប្រកាស
៩ វិឆ្ឆិកា ១៩១៨
▪ ព្រះចៅវិលហែលម៍ទី២ បានដាក់រាជ្យ
២៨ វិច្ឆិកា ១៩១៨
ក្រឡាផ្ទៃ
១៨៧១[]៣៤៨៧៧៩ គ.ម (១៣៤៦៦៤ ម៉ាយ ក.)
ប្រជាជន
▪ ១៧៥៦[]
៤,៥០០,០០០
▪ ១៨១៦[]
១០,៣៤៩,០៣១
▪ ១៨៧១[]
២៤,៦៨៩,០០០
▪ ១៩១០[]
៤០,១៦៩,២១៩
រូបិយវត្ថុរ៉ែកស្តាឡឺ (១៧០១–១៧៥០)
ថាឡឺ (១៧៥០–១៨៥៧)
វេរ៉ែនស្តាឡឺ (១៨៥៧–១៨៧៣)
ហ្កូលម៉ាកគ៍ (១៨៧៣–១៩១៤)
ផាភារម៉ាកគ៍ (១៩១៤–១៩១៨)
Preceded by
Succeeded by
ប្រង់ដឺបួរ-ព្រុស
ព្រុសហ្លួង
ក្សត្របុរីនូឆឺធែល
សហធនរដ្ឋប៉ូឡូញ–លីទុយអានី
ស៊ុយអែតប៉ូមេរ៉ានី
បុរីសេរីដង់ហ្ស៊ីក
ពញារដ្ឋវ៉ាសូរី
រដ្ឋបោះឆ្នោតហេស្សិន
ពញារដ្ឋណាស្សូ
ព្រះរាជាណាចក្រហាណូវើ
ពញារដ្ឋហូលស្តែន
ពញារដ្ឋឆ្លែសវីក
សាចសិន-ឡោអិនបួក
ទឹកដីរាជមកុដបូហ៊ែម
ពញារដ្ឋស៊ីលីស៊ី
១៨០៧៖ពញារដ្ឋវ៉ាសូរី
បុរីសេរីដង់ហ្ស៊ីក
តំបន់នូឆឺធែល
១៩១៨៖រដ្ឋសេរីព្រុស
បុរីសេរីដង់ហ្ស៊ីក
សាធារណរដ្ឋប៉ូឡូញទីពីរ
សាធារណរដ្ឋឆេកូស្លូវ៉ាគីទីមួយ
បែលហ្ស៊ិក
ដាណឺម៉ាក
ឥឡូវជាផ្នែកនៃអាល្លឺម៉ង់
ប៉ូឡូញ
រុស្ស៊ី

ព្រះរាជាណាចក្រព្រុស (ភាសាអាល្លឺម៉ង់Königreich Preußen) គឺជារដ្ឋអាល្លឺម៉ង់មួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋនគរព្រុសនៅចន្លោះឆ្នាំ១៧០១ រហូតដល់ឆ្នាំ១៩១៨។[] រដ្ឋមួយនេះគឺជាកម្លាំងជំរុញពីក្រោយដំណើរបង្រួបបង្រួមជាតិអាល្លឺម៉ង់នៅក្នុងឆ្នាំ១៨៦៦ ហើយជារដ្ឋនាំមុខគេនៅក្នុងចក្រភពអាល្លឺម៉ង់រហូតដល់ការរំលាយចក្រភពនោះនៅក្នុងឆ្នាំ១៩១៨។[] ថ្វីបើឈ្មោះរបស់វាមានប្រភពចេញមកពីតំបន់មួយហៅថា ព្រុសមែនក៏ប៉ុន្តែជាក់ស្តែងវាមានប្រភពមូលដ្ឋានចេញមកពីពញាបច្ចន្តរដ្ឋប្រង់ដឺបួរ ដោយមានរាជធានីនៅប៊ែរឡាំង[]

ព្រះមហាក្សត្រដំបូងៗនៃព្រុសភាគច្រើនមានកំណើតចេញមកពីរាជវង្សហូហិនសោឡាំន។ ព្រះរាជាណាចក្រព្រុសនេះត្រូវបានវិវត្តចេញពីនគរប្រង់ដឺបួរ-ព្រុសក្នុងរជ្ជកាលព្រះបាទហ្វ្រីឌ្រិច វិលហែលម៍ ហើយបានក្លាយជាមហាអំណាចយោធាដ៏អស្ចារ្យមួយនៅក្នុងតំបន់។[][][][] ក្នុងនាមជារាជាណាចក្រថ្មីថ្មោងនៅអឺរ៉ុប ព្រុសបានបន្តពង្រីកអំណាចនិងឥទ្ធិពលរបស់ខ្លួន ពិសេសនៅក្នុងរជ្ជកាលព្រះបាទហ្វ្រីឌ្រិចទី២។[១០] ហ្វ្រីឌ្រិចទ្រង់ជាតួអង្គយ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ ដោយព្រះអង្គបានការពាររាជាណាចក្រទ្រង់ពីការវាយប្រហារផ្សេងៗដោយមហាអំណាចអឺរ៉ុបដទៃទៀតដូចជា អូទ្រីស រុស្ស៊ី បារាំង និងស៊ុយអែតជាដើម ហើយជាលទ្ធផល ទ្រង់បានស្តារព្រុសជារដ្ឋអាល្លឺម៉ង់មួយ ដ៏អង់អាច និងព្រមទាំងជាមហាអំណាចដ៏មានឥទ្ធិពលមួយនៅក្នុងទ្វីបអឺរ៉ុបទៀតផង។[១១][១២] បន្ទាប់មក ព្រុសក៏ចាប់ផ្ដើមមានមហិច្ឆតាចង់បង្រួបបង្រួមរដ្ឋនគរអាល្លឺម៉ង់ទាំងប៉ុន្មានដាក់ក្រោមអំណាចគ្រប់គ្រងរបស់ខ្លួន (លើកលែងតែស្វីស) ហើយថែមទាំងបានពិចារណាចង់បញ្ចូលអូទ្រីសទៀតផង។ សង្គ្រាមណាប៉ូលេអូនិកបាននាំឱ្យសហព័ន្ធអាល្លឺម៉ង់និម្មិតឡើងមែន តែបដិវត្តន៍ថ្មីនៅឆ្នាំ១៨៤៨–១៩៤៩ បានទាមទារឱ្យរដ្ឋអាល្លឺម៉ង់ទាំងអស់រួបបញ្ចូលគ្នាចូលជារដ្ឋតែមួយក្រោមអំណាចតែមួយ។[] បំណងមេដឹកនាំអាល្លឺម៉ង់ក្នុងការរក្សាប្រព័ន្ធរដ្ឋជាសហព័ន្ធត្រូវបានដួលរលំនៅពេលដែលព្រុស និងអូទ្រីសបានប្រកាសសង្គ្រាមនឹងគ្នា ដែលបង្កឱ្យសហព័ន្ធអាល្លឺម៉ង់ដួលរលំទាំងស្រុងនៅក្នុងឆ្នាំ១៨៦៦។

នៅក្នុងឆ្នាំ១៨៦៦ ដដែរ ព្រុសក៏បានផ្តួចផ្ដើមបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងជើងឡើង រួចបានដឹកនាំពង្រីកសហព័ន្ធថ្មីនោះរហូតដល់បង្កើតជារដ្ឋតែមួយបាននៅក្នុងឆ្នាំ១៨៧១ ដែលគេតែងនិយមហៅថាចក្រភពអាល្លឺម៉ង់នោះ។[] សហព័ន្ធអាល្លឺម៉ង់ខាងជើងត្រូវបានគេឃើញថាជាកម្លាំងសម្ព័ន្ធយោធានៅក្រោយសង្គ្រាមព្រុស-អូទ្រីស ប៉ុន្តែនីតិច្បាប់នៅក្នុងសហព័ន្ធនោះត្រូវបានគេយកបន្តទៅអនុវត្តយ៉ាងទូលំទូលាយនៅក្នុងចក្រភពអាល្លឺម៉ង់បន្ទាប់។ ចក្រភពថ្មីថ្មោងមួយនោះបានបង្រួបបង្រួមរដ្ឋអាល្លឺម៉ង់ស្ទើរទាំងអស់ឱ្យស្ថិតក្រោមអនុត្តរភាពរបស់ព្រុស (លើកលែងតែស្វីស និងអូទ្រីស)[] នៅពេលដែលបារាំងបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់នៅក្នុងឆ្នាំ១៨៧០។ សង្គ្រាមប្រឆាំងនឹងបារាំងគឺជាកត្តាចម្បងដែលនាំឱ្យរដ្ឋអាល្លឺម៉ង់ទាំងអស់រួបរួមគ្នាប្រឆាំងនឹងសត្រូវរួម ហើយជ័យជម្នះរបស់អាល្លឺម៉ង់បាននាំឱ្យរលកជាតិនិយមថ្មីផ្ទុះឡើងដោយអ្នកដែលធ្លាប់តែងប្រឆាំងនឹងគំនិតបង្រួបបង្រួមរដ្ឋពីមុនបានប្រែមកគាំទ្រប្រជាជាតិអាល្លឺម៉ង់តែមួយវិញ។

បដិវត្តន៍អាល្លឺម៉ង់នៅឆ្នាំ១៩១៨–១៩១៩ បានលុបបំបាត់របបរាជាធិបតេយ្យនៅគ្រប់រដ្ឋអាល្លឺម៉ង់ និងរួមទាំងព្រុសដែរដោយកាលនុះបានប្តូរឈ្មោះទៅ រដ្ឋសេរីព្រុស។ ព្រុសគ្រប់ទម្រង់ និងរូបភាពត្រូវបានរំលាយចោល និងលុបបំបាត់ទាំងស្រុងនៅក្នុងឆ្នាំ១៩៤៧ ក្រោយចប់សង្គ្រាមលោកលើកទី២

ប្រវត្តិសាស្ត្រ

ដើមកំណើត

ត្រកូលហូហិនសោឡាំនបានឡើងគ្រប់គ្រងពញាបច្ចន្តរដ្ឋប្រង់ដឺបួរនៅក្នុងឆ្នាំ១៥១៨។ បន្ទាប់ពីឈ្លោះប្រយុទ្ធជាមួយពញារដ្ឋប៉ូមេរ៉ានីអស់ជាលើកច្រើនសារ ទីបំផុតរាជវង្សប្រង់ដឺបួរក៏បានទទួលកាត់ទឹកដីផ្នែកខាងកើតប៉ូមេរ៉ានីធ្វើជាកម្មសិទ្ធិរដ្ឋនគរខ្លួនក្រោយចុះលើសន្ធិសញ្ញាសន្តិភាពវែស្តហ្វាលី។

នៅក្នុងឆ្នាំ១៦១៨ មេដឹកនាំប្រង់ដឺបួរបានកាន់កាប់រាជបល្ល័ង្កពញារដ្ឋព្រុសទាំងស្រុង ដោយព្រុសតាំងពីឆ្នាំ១៥១១ មកត្រូវស្ថិតក្រោមអំណាចត្រកូលហូហិនសោឡាំនមួយខ្សែផ្សេងទៀត។ នៅក្នុងឆ្នាំ១៥១១ ព្រះអង្គអាល់ប៊្រែគត៍នៃនគរប្រង់ដឺបួរ ហើយក៏ត្រូវជាព្រះអាចារ្យចុងក្រោយបង្អស់នៃគណៈអស្សឫទ្ធិទូតូនីកបានបំបែកសាសនាពីរដ្ឋ និងកែប្រែទម្រង់នគរទ្រង់ទៅជាពញារដ្ឋ។ ពញារដ្ឋថ្មីនេះគឺត្រូវជាឯកត្តសហភាពរវាងប្រង់ដឺបួរ និងព្រុស ក៏ប៉ុន្តែសហភាពពេញសិទ្ធិគឺមិនអាចបង្កើតបានឡើយដោយសារនគរប្រង់ដឺបួរគឺជារដ្ឋនគរស្ថិតក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ រីឯពញារដ្ឋព្រុសវិញគឺជាសាមន្តរដ្ឋរបស់ប៉ូឡូញ។ គណៈអស្សឫទ្ធិទូតូនីកបានផ្ដល់អភិវន្ទនាការដល់ប៉ូឡូញតាំងពីឆ្នាំ១៤៦៦ មកម៉្លេះ ហើយទោះឡើងគ្រងលើពញារដ្ឋព្រុសក្ដីក៏ប្រង់ដឺបួរនូវតែបន្តផ្ដល់អភិវន្ទនាការដល់ប៉ូឡូញដែរ។

នៅក្នុងសង្រ្គាមភាគខាងជើងលើកទីពីរ សន្ធិសញ្ញាទីក្រុងឡាប៊ីយូ និងប្រមប៊ឺកបានផ្តល់អធិបតេយ្យភាពពេញលេញដល់ហោហិនសោឡាំនក្នុងការគ្រប់គ្រងពញារដ្ឋព្រុសចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ១៦៥៧។

ជាថ្នូរនឹងការចងសម្ព័ន្ធភាពប្រឆាំងនឹងបារាំងក្នុងសង្គ្រាមស្នងរាជបល្ល័ង្កអេស្ប៉ាញ ហ្វ្រីឌ្រិចបានលើកព្រុសពីពញារដ្ឋទៅជាព្រះរាជាណាចក្រមួយនៅក្នុងសន្ធិសញ្ញាព្រះរាជមកុដនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៧០០។ ហ្វ្រីឌ្រិចទ្រង់បានឡើងគ្រងរាជសម្បត្តិក្នុងនាមជាព្រះមហាក្សត្រព្រុសព្រះនាមហ្វ្រីឌ្រិចទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៧០១។ បើតាមនីតិច្បាប់​ គ្មានរដ្ឋនគរក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋណាអាចមានឋានៈជាព្រះរាជាណាចក្របានឡើយលើកលែងតែបូហ៊ែម និងអ៊ីតាលី។ ក៏ប៉ុន្តែ ហ្វ្រីឌ្រិចទ្រង់បានលើកមូលហេតុពីរថាដោយសារតែព្រុសមិនដែលស្ថិតនៅក្រោមអំណាចនៃចក្រភពរ៉ូម ហើយដោយរាជវង្សហូហិនសោឡាំនមានអធិបតេយ្យភាពពេញលេញលើព្រុសទៀតនោះ ដូច្នេះទ្រង់គឺមានសិទ្ធិគ្រប់គ្រាន់ក្នុងការតម្លើងព្រុសជាព្រះរាជាណាចក្រ។ អធិរាជរ៉ូមព្រះចៅលីអូប៉ូលទី១ ដោយចង់បានជំនួយគាំទ្រពីព្រុសក្នុងសង្គ្រាមដណ្ដើមរាជបល្ល័ង្កនៅអេស្ប៉ាញ ក៏សម្រេចចិត្តទទួលយកតាមសំណើហ្វ្រីឌ្រិច។

ព្រះរតនមកុដព្រុស តាំងនៅព្រះរាជវាំងឆារឡតតិនបួកក្នុងទីក្រុងប៊ែរឡាំង

គោរមងារ "ព្រះមហាក្សត្រនៅព្រុស" គឺជារាជតំណែងថ្មីបង្កើតឡើងដោយក្រុមរាជវង្សហូហិនសោឡាំន ហើយអំណាចទាំងឡាយរបស់ព្រះមហាក្សត្រនៅព្រុសមានឫទ្ធិតែនៅក្នុងព្រះរាជាណាចក្រព្រុសប៉ុណ្ណោះ។ ចំពោះរដ្ឋនគរប្រង់ដឺបួរ និងទឹកដីមួយភាគនៃនគរនោះគឺមិនស្ថិតក្រោមអធិបតេយ្យព្រះមហាក្សត្រនៅព្រុសឡើយដោយសារតែវាជាប់នៅក្រោមអំណាចចក្រភពរ៉ូម៉ាំងពិសិដ្ឋស្រាប់។ ក៏ប៉ុន្តែមកដល់ពេលនោះ អំណាចព្រះអធិរាជនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺដូចមានត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយរដ្ឋនគរនិងរដ្ឋសមាជិកទាំងឡាយនៅក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺសុទ្ធសឹងតែមានអំណាចអធិបតេយ្យរៀងៗខ្លួនដោយពួកគេនីមួយៗទទួលស្គាល់រាជអំណាចព្រះចៅអធិរាជតាមតែប្រពៃណីទំនៀមទម្លាប់រាប់រយឆ្នាំប៉ុណ្ណោះឯង។ គួរសម្គាល់ដែរថា អតីតពញារដ្ឋ និងរដ្ឋនគរព្រុសក្នុងសម័យកាលនេះគឺរាប់គិតតែទឹកដីព្រុសខាងកើតប៉ុណ្ណោះ រីឯទឹកដីព្រុសខាងលិច (ស្ថិតនៅចន្លោះរវាងនគរប្រង់ដឺបួរនៅភាគខាងលិច និងព្រុសខាងកើត) គឺស្ថិតក្រោមរដ្ឋអំណាចប៉ូឡូញ។

មើលពីផ្ទៃខាងក្នុង ដោយសារតែទឹកដីនគរទាំងពីររវាងព្រុស និងប្រង់ដឺបួរមានចងឯកត្តសហភាពនឹងគ្នា ដូច្នេះលក្ខណៈ និងរចនាសម្ព័ន្ធរដ្ឋគឺដូចគ្នាស្ទើរទាំងអស់ ថ្វីបើខាងប្រង់ដឺបួរស្ថិតក្នុងរង្វង់អំណាចចក្រភពរ៉ូម៉ាំងពិសិដ្ឋក្ដី។ លុះមកដល់ឆ្នាំ១៧៧២ គោរមងារ "ព្រះមហាក្សត្រនៃព្រុស" ក៏ត្រូវបានប្រើប្រាស់ជាផ្លូវការសម្រាប់សម្ដៅលើមេដឹកនាំព្រុស ក្រោយពីទឹកដីប៉ូឡូញបែងព្រុសនិងប្រង់ដឺបួរនោះត្រូវបានកាត់ចូលជាកម្មសិទ្ធិនៃព្រះរាជាណាចក្រព្រុស។

ឆ្នាំ១៧០០–១៧២១៖ ជំងឺរាតត្បាតប៉េស្ត និងមហាសង្គ្រាមភាគខាងជើង

ចូលមកដល់សតវត្សរ៍ទី១៨ រាជាណាចក្រព្រុសនៅតែមិនទាន់ងើបរួចពីហាយនភាពនៃសង្គ្រាមសាមសិបឆ្នាំ និងថែមទាំងខ្វះធនធានធម្មជាតិទ្រទ្រង់សេដ្ឋកិច្ចនិងសង្គមជាតិទៀតផង។ ចំពោះទឹកដីវិញ រាជាណាចក្រព្រុសត្រូវបានបែកញែកពីគ្នាដោយទឹកដីប៉ូឡូញ លាតត្រដាងចម្ងាយប្រមាណ ១,២០០ គម ចាប់ពីពញារដ្ឋព្រុសត្រង់តំបន់ឆ្នេរភាគអាគ្នេយ៍នៃសមុទ្របាល់ទិករហូតដល់ទឹកដីកំណើតហូហិនសោឡាំននៅប្រង់ដឺបួរ។ មកដល់ឆ្នាំ១៧០៨ ប្រជាជនមួយភាគបីនៅព្រុសខាងកើតត្រូវបានស្លាប់ដោយសារការរាតត្បាតនៃជំងឺប៉េស្តក្នុងមហាសង្គ្រាមភាគខាងជើង។[១៣] ជំងឺមួយនេះបានរីករាលដាលដល់ទីក្រុងផ្រែនស្លៅនៃរដ្ឋនគរប្រង់ដឺបួរនៅខែសីហា ឆ្នាំ១៧១០ ប៉ុន្តែត្រូវស្រុតចុះទៅវិញមុនពេលបន្តបែកខ្ចាយដល់រាជធានីប៊ែរឡាំង ដែលមានចម្ងាយតែ ៨០ គម ពីផ្រែនស្លៅប៉ុណ្ណោះ។

មហាសង្គ្រាមភាគខាងជើងគឺជាជម្លោះប្រដាប់អាវុធដ៏ធំដំបូងគេដែលរាជាណាចក្រព្រុសត្រូវប្រឈម។ វាបានផ្ទុះឡើងនៅក្នុងឆ្នាំ១៧០០ ដោយមានការចូលរួមពីកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ីប្រឆាំងនឹងមហាអំណាចអឺរ៉ុបខាងជើងនាសម័យនោះគឺចក្រភពស៊ុយអែត។ នៅក្នុងឆ្នាំ១៧០៥ ព្រះរជ្ជទាយាទព្រុសព្រះអង្គម្ចាស់ហ្រ្វីឌ្រិច វិលហែលម៍បានព្យាយាមរកវិធីសាស្ត្រដើម្បីធ្វើឱ្យរាជាណាចក្រព្រុសមានវត្តមាននៅក្នុងសង្គ្រាមនោះ ដោយមានបន្ទូលថា "វាគឺជារឿងល្អប្រសិនបើព្រុសមានទ័ពចម្បាំងផ្ទាល់ខ្លួន ហើយអាចសម្រេចលើអ្វីៗបានដោយខ្លួនឯង"។[១៤] ទស្សនៈប្រឡូកក្នុងសង្គ្រាមរបស់ព្រះអង្គគឺមិនត្រូវបានទទួលស្គាល់ដោយព្រះរាជបិតាទ្រង់គឺព្រះមហាក្សត្រព្រុសនោះឡើយ[១៤] លុះរហូតដល់ឆ្នាំ១៧១៣ នៅពេលដែលហ្វ្រីឌ្រិច វិលហែលម៍ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ ទើបទ្រង់មានអំណាចពេញលេញដឹកនាំព្រុសចូលក្នុងសង្គ្រាម។ ព្រុសបានចូលរួមក្នុងសង្គ្រាមនោះជាផ្លូវការនៅក្នុងឆ្នាំ១៧១៥ ដោយព្រះហ្វ្រីឌ្រិច វិលហែលម៍ទ្រង់លើកយកមូលហេតុមួយចំនួន[១៤]ដូចជា ក្ដីបារម្ភចំពោះសកម្មភាពវាយប្រហារពីក្រោយនិងពីបណ្តាសមុទ្រ គោលបំណងចង់តវ៉ាទាមទារទឹកដីប៉ូមេរ៉ានី ហើយកាលណាបើព្រុសមិនព្រមអើពើទេនោះលុះពេលដែលស៊ុយអែតចាញ់សង្គ្រាម ព្រុសនឹងបាត់បង់ឱកាសគ្រប់គ្រងប៉ូមេរ៉ានី។[][១៤] ព្រុសបានចូលរួមប្រយុទ្ធក្នុងសមរភូមិតែមួយគត់ប៉ុណ្ណោះនោះគឺសមរភូមិស្រេសូហ្វនៅលើកោះរូហ្កឹន ព្រោះថាជោគវាសនានៃសង្គ្រាមទាំងមូលត្រូវបានសម្រេចរួចទៅហើយនៅក្នុងសមរភូមិប៉ុលតាវ៉ាកាលពីឆ្នាំ១៧០៩។ នៅក្នុងសន្ធិសញ្ញាទីក្រុងស្តុកខូល ព្រុសបានទទួលតំបន់ប៉ូមេរ៉ានីនៅប៉ែកខាងកើតទន្លេអូដឺរទាំងមូលពីស៊ុយអែត រីឯមួយផ្នែកទៀតនៃប៉ូមេរ៉ានីគឺស្ថិតក្នុងកម្មសិទ្ធិស៊ុយអែតដដែររហូតដល់ឆ្នាំ១៨១៥។ មហាសង្គ្រាមភាគខាងជើងមិនត្រឹមតែជាសញ្ញានៃការធ្លាក់ចុះអំណាចនៃចក្រភពស៊ុយអែតតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចចាប់ផ្ដើមនៃកំណើនអំណាច និងឥទ្ធិពលរបស់ព្រុសនិងរុស្ស៊ីក្នុងនាមជាមហាអំណាចថ្មីនៅអឺរ៉ុបផងដែរ។[១៥]

ទន្ទឹមគ្នានេះដែរ មេដឹកនាំប្រង់ដឺបួរបានបើកទ្វារឱ្យវណ្ណៈអភិជនចូលក្នុងប្រព័ន្ធការិយាធិបតេយ្យ និងយោធាក្នុងគោលបំណងទាក់ទាញការវិនិយោគដើម្បីពង្រឹងកម្លាំងយោធាព្រុស និងការអប់រំចាំបាច់។[១៦] ព្រះហ្វ្រីឌ្រិច វិលហែលម៍ទី១ បានបើកដំណើរការនូវប្រព័ន្ធកាតព្វកិច្ចបម្រើការយោធាជាផ្លូវការនៅក្នុងឆ្នាំ១៧១៧។[១៦]

ឆ្នាំ១៧៤០–១៧៦២៖ សង្គ្រាមស៊ីលេស៊ី

ទឹកដីដែលរាជាណាចក្រព្រុសបានកាន់កាប់នៅក្នុងសតវត្សរ៍ទី១៨

នៅក្នុងឆ្នាំ១៧៤០ ព្រះអង្គម្ចាស់ហ្វ្រីឌ្រិចទី២ បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៃរាជាណាចក្រព្រុស។ ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៥១៣ (ថ្វីបើអធិរាជរ៉ូម៉ាំងពិសិដ្ឋកាលនុះព្រះចៅហ្វែឌីណង់ទី១ បានបដិសេដ) ពេលដែលទឹកដីស៊ីលេស៊ីត្រូវកាត់ប្រគល់មកឱ្យប្រង់ដឺបួរបន្ទាប់ពីខ្សែរាជវង្សប្រចាំតំបន់នោះត្រូវដាច់ពូជពង្សគ្មានអ្នកស្នងស្របច្បាប់ ដោយដូច្នេះព្រះហ្រ្វីឌ្រិចទី២ ក៏បានលើកទ័ពចូលឈ្លានពានស៊ីលេស៊ីបង្កឱ្យផ្ទុះសង្គ្រាមស្នងរាជបល្ល័ង្កអូទ្រីសឡើង។ បន្ទាប់ពីបានចូលកាន់កាប់ស៊ីលេស៊ី ព្រះបាទហ្រ្វីឌ្រិចទ្រង់បានប្រទានសិទ្ធិការពារជូនដល់ព្រះរាជនីអូទ្រីសព្រះម៉ារី តេរ៉េស ប៉ុន្តែលុះត្រាតែអូទ្រីសព្រមប្រគល់ខេត្តស៊ីលេស៊ីមកឱ្យព្រុស។ សំណើហ្វ្រីឌ្រិចត្រូវបានគេបដិសេដ ប៉ុន្តែដោយសារអូទ្រីសត្រូវជាប់ក្នុងសង្គ្រាមជាមួយប្រទេសមួយចំនួនដទៃទៀត កិច្ចព្រមព្រៀងកាត់ស៊ីលេស៊ីជាមួយព្រះបាទហ្រ្វិឌ្រិចក៏ត្រូវបានសម្រេចតាមរយៈសន្ធិសញ្ញាទីក្រុងប៊ែរឡាំងនៅក្នុងឆ្នាំ១៧៤២។

ជាការគួរឱ្យភ្ញាក់ផ្អើល អូទ្រីសបានបន្ទុះសង្គ្រាមជាមួយព្រុសសារជាថ្មីម្តងទៀតដើម្បីដណ្តើមទឹកដីចាស់របស់ខ្លួនមកវិញ។ នៅក្នុងឆ្នាំ១៧៤៤ ហ្រ្វីឌ្រិចបានលើកទ័ពវាយចូលអូទ្រីសម្តងទៀត ដោយលើកនេះមានមហិច្ឆតាចង់ត្របាក់យកព្រះរាជាណាចក្របូហ៊ែម។ លើកនេះ ព្រះអង្គបានបរាជ័យ ក៏ប៉ុន្តែដោយសារសម្ពាធពីបារាំងទៅលើចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្តអូទ្រីសបាននាំឱ្យកើតមានសន្ធិសញ្ញា និងកិច្ចព្រមពៀងនឹងគ្នាជាច្រើនសាររហូតដល់ឆ្នាំ១៧៤៨ នៅពេលដែលសន្ធិសញ្ញាអ៊ិចស្លាឆាពែលត្រូវបានចុះហត្ថលេខា ស្តារសន្តិភាពក្នុងចំណោមភាគីសង្គ្រាម និងកាត់ស៊ីលេស៊ីស្ទើរទាំងមូលមកឱ្យព្រុសកាន់កាប់។

ការវាយសម្រុករបស់កងទ័ពព្រុសនៅក្នុងសមរភូមិហូហិនហ្វ្រីយប៊ែកក្នុងឆ្នាំ១៧៤៥

ដោយត្រូវរងការអាម៉ាស់ជាធំបន្ទាប់ពីត្រូវកាត់ស៊ីលេស៊ីឱ្យទៅព្រុស អូទ្រីសក៏បានខិតខំចងសម្ព័ន្ធភាពជាមួយប្រទេសបារាំង និងរុស្ស៊ី (ដែលគេនិយមតែងហៅថា បដិវត្តន៍ការទូត) ខណៈពេលដែលព្រុសបានបែរមកចងសម្ព័ន្ធភាពនឹងអង់គ្លេស។ ក្នុងពេលដែលហ្រ្វីឌ្រិចបានបើកការឈ្លានពានរដ្ឋនគរសាចសិន និងបូហ៊ែមប្រមាណរយៈពេលពីរបីខែក្នុងឆ្នាំ១៧៥៦–១៧៥៧ ព្រះអង្គបានបន្ទុះសង្គ្រាមស៊ីលេស៊ីលើកទីបីឡើង រួចក៏បានបន្តវិវត្តទៅជាជម្លោះដ៏ធំមួយទៀតហៅថាសង្គ្រាមប្រាំពីរឆ្នាំ។

សង្គ្រាមមួយនេះគឺជាសង្គ្រាមដ៍សែនលំបាកមួយសម្រាប់ព្រុស ក៏ព្រោះតែកងទ័ពខ្លួនត្រូវប្រឈមមុខប្រយុទ្ធតទល់នឹងប្រទេសជាច្រើននៅលើទ្វីបអឺរ៉ុប។ ស្ថានភាពទាំងនេះបានបង្ហាញឱ្យយើងមើលឃើញពីភាពប៉ិនប្រសប់របស់កងកម្លាំងយោធាព្រុសក្រោមការដឹកនាំរបស់ស្តេចហ្រ្វីឌ្រិច។ ព្រុសត្រូវតទល់នឹងអូទ្រីស រុស្ស៊ី បារាំង និងស៊ុយអែតក្នុងពេលដំណាលគ្នា និងមានតែហាណូវើតែមួយគត់ជាសម្ព័ន្ធមិត្តនៅលើទ្វីប (បូករួមទាំងអង់គ្លេស និងសម្ព័ន្ធមិត្តជាច្រើននៅក្រៅអឺរ៉ុបដីគោក) ប៉ុន្តែទោះជាយ៉ាងណាក្តី ហ្រ្វីឌ្រិចនិងកម្លាំងព្រះអង្គបានខិតខំទប់ទល់រាល់ការឈ្លានពានធំៗទាំងប៉ុន្មានពីសត្រូវខ្លួនដោយជោគជ័យរហូតដល់ខែតុលា ឆ្នាំ១៧៦០ នៅពេលដែលកងទ័ពរុស្ស៊ីបានចូលកាន់កាប់រាជធានីប៊ែរឡាំង និងខូនីស្សប៊ឺកបានមួយរយៈពេលខ្លី។ ស្ថានការណ៍សង្គ្រាមរបស់ព្រុសបានធ្លាក់ចុះកាន់តែដុនដាបជាងមុន រហូតដល់ឆ្នាំ១៧៦២ នៅពេលដែលព្រះអធិរាជិនីរុស្ស៊ីអេលីហ្សាប៊ែតបានចូលទិវង្គត បើកផ្លូវឱ្យព្រះអង្គម្ចាស់ប៉ូទ័រទី៣ ឡើងសោយរាជ្យបន្ត ដោយខុសពីអង្គក្សត្រមុន ប៉ូទ័រទ្រង់មាននិន្នាការមករកខាងព្រុសដោយបានបញ្ជាទ័ពរុស្ស៊ីឱ្យដកខ្លួនពីទឹកដីព្រុស។ បូករួមជាមួយការដកខ្លួនចេញពីសង្គ្រាមដោយស៊ុយអែត ព្រុសបានងើបមុខឡើងវិញជាថ្មីម្តងទៀតត្រៀមប្រយុទ្ធតតាំងនឹងសត្រូវដែលនៅសល់ទាំងប៉ុន្មាន។

បន្ទាប់ពីបានទទួលជ័យជម្នះលើអូទ្រីសនៅក្នុងសមរភូមិបូរកាស៍ដុលហ្វ បូករួមជាមួយជ័យជម្នះរបស់អង់គ្លេសមកលើបារាំងនៅក្នុងសង្គ្រាមដណ្តើមដែនដីអាណានិគម ព្រុសទីបំផុតក៏បានស្តារអំណាច និងទឹកដីខ្លួនដូចដើមមុនសង្គ្រាមឡើងវិញ។ លទ្ធផលនេះបានពង្រឹងឥទ្ធិពលរបស់ព្រុសលើបណ្ដារដ្ឋអាល្លឺម៉ង់ផ្សេងៗ និងបានប្រែប្រទេសជាតិមួយនេះទៅជាមហាអំណាចអឺរ៉ុបមួយដ៏អស្ចារ្យ។ ដោយឃើញប្រទេសជាតិខ្លួនវិះនឹងចាញ់សង្គ្រាមទាំងមូល បូករួមទាំងវិនាសកម្មផ្សេងៗបន្សល់មកពីសង្គ្រាម ព្រះហ្វ្រីឌ្រិចក៏បានតាំងព្រះទ័យដឹកនាំព្រុសក្នុងផ្លូវសន្តិភាពរហូតដល់ថ្ងៃព្រះអង្គសោយទិវង្គត។

ឆ្នាំ១៧៧២, ១៧៩៣ និងឆ្នាំ១៧៩៥៖ ការបែងចែកទឹកដីនៃប៉ូឡូញ

ទឹកដីប្រទេសប៉ូឡូញ (សហធនរដ្ឋប៉ូឡូញ–លីទុយអានី) ដែលត្រូវបែងចែក។ ចំណែករុស្ស៊ីមានពណ៌ក្រហម ចំណែកអូទ្រីសគឺពណ៌បៃតង រីឯចំណែកព្រុសគឺពណ៌ខៀវ។

នៅភាគខាងកើតនិងខាងលិចនៃព្រំប្រទល់ព្រុស សាហធនរដ្ឋប៉ូឡូញ–លីទុយអានីគឺកំពុងតែធ្លាក់ចុះទ្រុតទ្រោមក្នុងអំឡុងសតវត្សរ៍ទី១៨។ ដោយភ័យខ្លាចពីឥទ្ធិពលរុស្ស៊ីនៅក្នុងប៉ូឡូញ រួមថែមទាំងការពង្រីកទឹកដីរបស់ចក្រភពរុស្ស៊ីផង ព្រះបាទហ្វ្រីឌ្រិចបានចាប់ផ្តើមនូវដំណើរបែងចែកទឹកដីប៉ូឡូញជាមួយរុស្ស៊ី និងអូទ្រីសនៅក្នុងឆ្នាំ១៧៧២ ក្នុងគោលបំណងរក្សាតុល្យភាពនៃអំណាចរដ្ឋក្នុងតំបន់។ ព្រះរាជាណាចក្រព្រុសបានកាត់យកខេត្តព្រុសហ្លួងរបស់ប៉ូឡូញស្ទើរទាំងមូល រួមទាំងតំបន់វ៉ាមីផង ដោយទីបំផុត ហ្វ្រីឌ្រិចក៏អាចកាន់គោរមងារជា"ព្រះមហាក្សត្រនៃព្រុស" ជាជាង "ព្រះមហាក្សត្រនៅព្រុស"។ ទឹកដីបានថ្មីក៏បានរៀបចំចាត់ចែងនៅឆ្នាំបន្ទាប់ទៅជាខេត្តព្រុសខាងលិច។

បន្ទាប់ពីហ្វ្រីឌ្រិចបានចូលព្រះទិវង្គតទៅនៅក្នុងឆ្នាំ១៧៨៦ ក្មួយប្រុសព្រះអង្គព្រះនាមហ្វ្រីឌ្រិច វិលហែលម៍ទី២ ក៏បានឡើងសោយរាជ្យ ហើយបានបន្តដំណើរបែងចែកប៉ូឡូញបន្តពីអ៊ំប្រុសរបស់ទ្រង់។ ក្នុងរជ្ជកាលហ្វ្រីឌ្រិច វិលហែលម៍ទី២ ព្រុសបានកាត់ទឹកដីប៉ូឡូញខាងលិចមួយភាគធំនៅក្នុងឆ្នាំ១៧៩៣ និងហៅទឹកដីថ្មីនោះថាខេត្តព្រុសខាងត្បូង។

នៅក្នុងឆ្នាំ១៧៨៧ ព្រុសបានចូលទៅឈ្លានពានប្រទេសហុល្លង់ក្នុងគោលបំណងការពាររាជវង្សអូរ៉ង់ញេ-ណាស្សូពីចលនាបះបោរផ្តួលរំលំរបបរាជានិយមនៅហុល្លង់។ បុព្វហេតុចម្បងដែលនាំឱ្យព្រុសលូកដៃចូលក្នុងជម្លោះនៅហុល្លង់នោះគឺព្រោះតែការឃាត់ និងចាប់ខ្លួនអ្នកម្នាងវិលហែលមីណឺ ដែលជាព្រះភរិយារបស់ស្ដេចហុល្លង់ព្រះអង្គវីល្លឹមទី៥ និងក៏ជាប្អូនស្រីម្នាក់របស់ហ្វ្រីឌ្រិច វិលហែលម៍ផង។ ការឃាត់ខ្លួនព្រះនាងត្រូវបានធ្វើឡើងដោយក្រុមពួកបដិវត្តន៍ស្នេហាជាតិ ខណៈដែលព្រះនាងកំពុងយាងទៅទីក្រុងឡាអេដើម្បីទាមទាររាជតំណែងព្រះស្វាមីមកវិញ។

នៅក្នុងឆ្នាំ១៧៩៥ ទឹកដីគ្រប់ជ្រុងនៃសហធនរដ្ឋប៉ូឡូញ–លីទុយអានីត្រូវបានកាត់ចែកទៅមហាអំណាចជិតខាងទាំងអស់ ដែលនាំឱ្យរដ្ឋមួយនេះបាត់ស្រមោលចេញពីផែនទីទ្វីបអឺរ៉ុបទាំងស្រុងតែម្តង។ ទឹកដីសហធនរដ្ឋប៉ូឡូញ–លីទុយអានីមួយភាគធំ (រួមទាំងទីក្រុងវ៉ាសូរី) នៅភាគខាងត្បូង និងខាងកើតខេត្តព្រុសបូព៌ាត្រូវបានកាត់មកឱ្យព្រះរាជអាណាចក្រព្រុសទាំងមូល រួចត្រូវបានរៀបចំចេញជាខេត្តព្រុសបូព៌ាថ្មី។ ដោយរដ្ឋប៉ូឡូញនោះលែងមានអត្ថិភាពតទៅទៀត ព្រំដែនទឹកដីនៃព្រះរាជាណាចក្រព្រុសត្រូវបានឆ្លងកាត់ជាប់ចក្រភពហាបស្បួកត្រង់តំបន់ហ្កាលីស៊ីខាងលិច និងចក្រភពរុស្ស៊ីត្រង់អតីតទឹកដីប៉ូឡូញកាត់ខាងចំណែករុស្ស៊ី។

ឆ្នាំ១៨០១–១៨១៥៖ សម័យសង្គ្រាមណាប៉ូលេអូនិក

ផែនទីនៃព្រះរាជាណាចក្រព្រុស (ពណ៌ទឹកក្រូច) និងទឹកដីដែលបានបាត់បង់ក្នុងសង្គ្រាមសម្ព័ន្ធភាពទីបួន (ពណ៌ដទៃទៀត)

បន្ទាប់ពីបដិវត្តន៍បារាំងបានបញ្ចប់បូករួមជាមួយការប្រហារជីវិតព្រះមហាក្សត្របារាំងព្រះអង្គម្ចាស់ល្វីទី១៦ ព្រុសក៏បានផ្ដើមប្រកាសសង្គ្រាមលើរបបសាធារណរដ្ឋបារាំងថ្មី។ នៅពេលដែលទ័ពព្រុសបានឆ្លងចូលទឹកដីបារាំងបានបន្តិច កម្លាំងទ័ពបារាំងក៏បានរុញច្រានព្រុសចេញទៅវិញដែលនាំឱ្យព្រុសចាញ់សង្គ្រាមសម្ព័ន្ធភាពទីមួយជាមួយនឹងការចុះលើសន្ធិសញ្ញាទីក្រុងបាសែលឆ្នាំ១៧៩៥។ ក្នុងសន្ធិសញ្ញានោះ បារាំងបានព្រមព្រៀងគ្នាជាមួយព្រុសថានឹងធានាអព្យាក្រឹតភាពនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ ពោលគឺចំពោះបណ្ដារដ្ឋតូចៗនៅភាគខាងជើងនៃសីមារេខាស្របតាមទន្លេម៉ែន្ស៍ ដោយរាប់បញ្ចូលទាំងរដ្ឋនគរហាណូវើ (សម្ព័ន្ធមិត្តអង់គ្លេស) និងពញារដ្ឋប្រេមិន-វែឌិនដែរ។ ក្នុងលក្ខខណ្ឌនេះ នគរហាណូវើ និងប្រេមិន-វែឌិនត្រូវបញ្ជូនកម្លាំងទ័ពរៀងខ្លួនចូលទៅក្នុងកងទ័ពតាមបណ្ដោយព្រំដែនរួមដើម្បីរក្សាអព្យាក្រឹតភាពក្នុងតំបន់ដូចដែលបានព្រៀងទុក។

នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីពីរ (១៧៩៩–១៨០២) ណាប៉ូលេអុងបានគាំទ្រជំរុញឱ្យព្រុសវាយចូលឈ្លានពានរដ្ឋហាណូវើ ហើយនៅក្នុងឆ្នាំ១៨០១ កងទ័ពព្រុសប្រមាណ ២៤,០០០ នាក់បានវាយសម្រុកចូលហាណូវើ នាំឱ្យថ្នាក់ដឹកនាំហាណូវើភ្ញាក់ផ្អើលយ៉ាងខ្លាំង រួចក៏ត្រូវបង្ខំចិត្តសុំទទួលចុះចាញ់ដោយមិនប្រយុទ្ធតបវិញ។ ក្នុងខែមេសា ឆ្នាំ១៨០១ កងទ័ពព្រុសបានចូលទៅដល់រាជធានីរដ្ឋនគរប្រេមិន-វែឌិន គឺទីក្រុងស្ដាដ ហើយបានឈរជើងនៅទីនោះរហូតដល់អំឡុងខែតុលានៃឆ្នាំដដែរ។ ដំបូងឡើយ ចក្រភពអង់គ្លេសមិនសូវជាអើពើចាប់អារម្មណ៍ទៅនឹងសកម្មភាពរបស់ព្រុសឡើយ ប៉ុន្តែបន្ទាប់ពីព្រុសបានចុះចូលក្នុងសម្ព័ន្ធភាពយោធាបារាំងរួមជាមួយដាណឺម៉ាក-ន័រវែស និងរុស្ស៊ីជាដើម អង់គ្លេសក៏បានចាប់ផ្ដើមបញ្ចេញសកម្មភាពតបតវិញដោយរាំងស្ទាក់ចាប់នាវាចម្បាំងព្រុសដែលមានវត្តមានលើដែនទឹកខ្លួន។ បន្ទាប់ពីសមរភូមិទីក្រុងកូពែនហាកបានបិទបញ្ចប់ សម្ព័ន្ធភាពយោធាបារាំងក៏បានដួលរលំ ហើយព្រុសក៏បានដកទ័ពចេញពីទឹកដីទាំងប៉ុន្មានដែលខ្លួនចូលកាន់កាប់ក្រោមឱវាទរបស់បារាំង។

តាមការញុះញង់របស់ណាប៉ូលេអុង ព្រុសក៏បានចូលកាន់កាប់រដ្ឋហាណូវើ និងប្រេមិន-វែឌិនជាថ្មីម្តងទៀតនៅដើមឆ្នាំ១៨០៦។ នៅថ្ងៃទី៦ ខែសីហានៃឆ្នាំដដែរនោះ ចក្រភពរ៉ូម៉ាំងពិសិដ្ឋដែលមានអាយុកាលរាប់រយឆ្នាំមកត្រូវបានរំលាយចោលជាស្ថាពរក្រោយពីណាប៉ូលេអុងបានឈ្នះសង្គ្រាមលើចក្រភពអូទ្រីស។ រាល់អំណាច និងងារក្រោមចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺលែងមានអត្ថន័យអ្វីទាំងអស់ដែលនាំឱ្យនគរប្រង់ដឺបួរទម្លាក់យកស័ក្តិទាំងប៉ុន្មាន់ដែលធ្លាប់បន្សល់ដោយចក្រភពនោះ។ ព្រះរាជាព្រុស ព្រះអង្គម្ចាស់ហ្វ្រីឌ្រិច វិលហែលម៍ទី៣ ទ្រង់ក៏បានក្លាយជាព្រះប្រមុខដឹកនាំរាជវង្សហូហិនសោឡាំន និងទឹកដីទាំងប៉ុន្មាននៅក្រោមរាជវង្សព្រះអង្គ។ កាលក្នុងសម័យចក្រភពរ៉ូម៉ាំងពិសិដ្ឋ ប្រមុខរាជវង្សហូហិនសោឡាំនពោលគឺស្តេចព្រុសទ្រង់មានអំណាច និងគោរមងារជាច្រើនទៅតាមតំបន់ផ្សេងៗក្រោមអធិបតេយ្យរាជវង្សព្រះអង្គ ប៉ុន្តែចាប់ពីឆ្នាំ១៨០៦ ទៅពោលបន្ទាប់ពីចក្រភពរ៉ូម៉ាំងបានរំលាយ ព្រះវិលហែលម៍ទី៣ ព្រះអង្គគ្រាន់តែមានងារជាព្រះមហាក្សត្រព្រុសតែមួយមុខប៉ុណ្ណោះ។

ហ្វ្រីឌ្រិច វិលហែលម៍ទី៣ នៃព្រុស, អាឡិចសាន់ដឺទី១ នៃរុស្ស៊ី និងហ្វ្រង់ស្វ័រទី២ នៃអូទ្រីស បន្ទាប់ពីសមរភូមិលែបស៊ីគឆ្នាំ១៨១៣

បន្ទាប់ពីចាញ់សង្គ្រាមនឹងចក្រភពបារាំងនៅក្នុងសមរភូមិយីណា (១៤ តុលា ១៨០៦) ហ្វ្រីឌ្រិច វិលហែលម៍ទី៣ ក៏ត្រូវបានបង្ខំចិត្តរត់ភៀសខ្លួនជាបណ្តោះអាសន្នទៅតំបន់មីមែល។ បន្ទាប់ពីបានចុះសន្ធិសញ្ញាទីលស៊ីតក្នុងឆ្នាំ១៨០៧ ព្រុសត្រូវបាត់បង់ទឹកដីជាងពាក់កណ្តាលរបស់ខ្លួន រួមទាំងចំណែកទឹកដីដែលបានកាត់ពីប៉ូឡូញ (ដោយបារាំងយកទឹកដីនោះតាំងជាពញារដ្ឋវ៉ាសួរី) និងរួមទាំងទឹកដីទាំងប៉ុន្មានទៀតនៅភាគខាងលិចនៃទន្លេអេលប៊ឺ។ លើសពីនេះទៅទៀត បារាំងថែមទាំងចូលកាន់កាប់ហាណូវើ និងប្រេមិន-វែឌិនដោយផ្ទាល់។ ទឹកដីព្រុសនៅសល់ទាំងប៉ុន្មានត្រូវស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពបារាំង ហើយព្រះមហាក្សត្រព្រុសត្រូវបារាំងបង្គាប់ឱ្យចុះចូលធ្វើជាសម្ព័ន្ធមិត្តបារាំង ក៏ដូចជាចូលរួមក្នុងប្រព័ន្ធទ្វីបរបស់បារាំងផងដែរ។

ដើម្បីឆ្លើយតបទៅនឹងភាពបរាជ័យរបស់ព្រុសនៅក្នុងឆ្នាំ១៨០៦ និងសន្ធិសញ្ញាទីលស៊ីត កំណែទម្រង់មួយចំនួនត្រូវបានធ្វើនិងអនុម័ត រាប់ចាប់ពីកំណែរដ្ឋធម្មនុញ្ញ អភិបាលកិច្ច សង្គមកិច្ច និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រព្រុស។ កំណែទម្រង់អស់នោះជាទូទៅត្រូវបានគេហៅថា កំណែទម្រង់ស្តែន-ហាឌែនប៊ែក ព្រោះថាវាជាកិច្ចផ្តួចផ្តើមរួមរបស់លោកហែនរីកហ្វ្រីឌ្រិច ខាល់ហ្វមស្តែន និងលោកខាល់អូហ្គូសត៍ វនហាឌែនប៊ែក។

បន្ទាប់ពីណាប៉ូលេអុងបានទទួលបរាជ័យនៅក្នុងទឹកដីរុស្ស៊ីនៅឆ្នាំ១៨១២ ព្រុសក៏បានចុះចេញពីសម្ព័ន្ធភាពបារាំង ហើយបានចុះចូលជាមួយអង់គ្លេសក្នុងសម្ព័ន្ធភាពទីប្រាំមួយប្រឆាំងនឹងបារាំងវិញ ដែលអ្នកខ្លះគេច្រើនហៅវាថា "សង្គ្រាមរំដោះ" (Befreiungskriege) ដើម្បីដណ្ដើមទឹកដីពីបារាំងមកវិញ។ កងទ័ពព្រុសក្រោមបញ្ជាការរបស់លោកគែបផាតលីបឺរ៉ែក វនប្លូឆែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តួលកម្លាំងណាប៉ូលេអុងនៅក្នុងសមរភូមិវ៉ាត់ធឺលូនៅក្នុងឆ្នាំ១៨១៥។

ឆ្នាំ១៨១៥៖ ក្រោយសម័យណាប៉ូលេអូនិក

ការបន្តពង្រីកទឹកដីព្រុស ចន្លោះឆ្នាំ១៨០៧–១៨៧១

ផលចំណេញរបស់ព្រុសនៅក្នុងសង្គ្រាមត្រូវបានបង្ហាញនៅក្នុងសមាជទីក្រុងវីយែននៅអូទ្រីស។ ក្នុងនោះ ព្រុសបានទទួលទឹកដីដែលបានបាត់បង់ទៅនៅក្នុងសង្គ្រាមភាគច្រើនមកវិញ លើកលែងតែចំណែកទឹកដីប៉ូឡូញដែលបានកាត់លើកទីពីរ និងលើកទីបី ដោយទឹកដីទាំងនោះត្រូវប្រគល់ទៅឱ្យរុស្ស៊ីកាន់កាប់ (លើកលែងតែទីក្រុងដង់ហ្ស៊ីក)។ ក្រៅពីនេះ ទីប្រជុំជនមួយចំនួននៅភាគខាងត្បូងក៏ត្រូវបាត់បង់ដូចគ្នា ប៉ុន្តែជាថ្នូរ ទឹកដីព្រះរាជាណាចក្រសាចសិនប្រមាណ ៤០% តំបន់រ៉ាំង និងវែស្តហ្វាលីភាគច្រើនត្រូវកាត់មកជាកម្មសិទ្ធិព្រុស។ ដោយដូច្នេះ ទឹកដីព្រុសរួមគឺរត់ចាប់ពីទន្លេនីមិននៅភាគខាងកើតរហូតដល់ទន្លេអេលបឺនៅភាគខាងលិចដោយមិនមានរដ្ឋណាមួយពុះកាត់ត្រង់ចំណុចណាដូចមុនទៀតឡើយ។ ជាលទ្ធផល ព្រុសក៏បានក្លាយជាខ្លួនជាមហាអំណាចអាល្លឺម៉ង់តែមួយគត់នៅក្នុងតំបន់ លើសលប់ជាងរដ្ឋអាល្លឺម៉ង់ដទៃៗ។

ក្រោយពីទទួលបានទឹកដីទាំងអស់នេះ ព្រះរាជាណាចក្រព្រុសត្រូវបានបែងចែករៀបចំតំបន់រដ្ឋបាលខ្លួនជាថ្មីចេញជា ១០ ខេត្ត។ ទឹកដីព្រុសស្ទើរទាំងមូលត្រូវបានបញ្ចូលក្នុងសហព័ន្ធអាល្លឺម៉ង់ លើកលែងតែខេត្តព្រុសខាងកើត ព្រុសខាងលិច និងតំបន់ស្វយ័តផូសិន។ សហព័ន្ធអាល្លឺម៉ង់ដែលព្រុសចូលរួមនោះគឺជាសហព័ន្ធដែលគ្របដណ្ដប់លើរដ្ឋអធិបតេយ្យចំនួន ៣៩ ជាសមាជិក (រួមមានទាំង អូទ្រីសនិងបូហ៊ែមទៀតផង) ហើយវាត្រូវបានគេចាត់ទុកថាជាប្រព័ន្ធថ្មីជំនួសឱ្យអតីតចក្រភពរ៉ូម៉ាំងពិសិដ្ឋដែលបានរំលាយនៅកាលពីដើមសង្គ្រាមណាប៉ូលេអូនិក។

ហ្វ្រីឌ្រិច វិលហែលម៍ទី៣ ទ្រង់បានផ្ដើមធ្វើកំណែទម្រង់មួយចំនួននៅក្នុងប្រព័ន្ធអភិបាលកិច្ច រៀបចំបែងចែករដ្ឋាភិបាលទៅតាមក្រសួងនីមួយៗ ដែលចំណុចក្រោយនេះត្រូវបានគេយកមកអនុវត្តរហូតមកដល់បច្ចុប្បន្ន។

ជាលទ្ធផលនៃបដិវត្តន៍ឆ្នាំ១៨៤៨ ក្សត្របុរីហូហិនសោឡាំន-ស៊ីគម៉ារីងអ៊ិន និងហេឈិងអ៊ិន (ក្រោមក្រុមរាជវង្សហូហិនសោឡាំនកាតូលិក) ត្រូវបានកាត់បញ្ចូលក្នុងទឹកដីព្រុសនៅក្នុងឆ្នាំ១៨៥០ រួចបានបញ្ចូលជាខេត្តហូហិនសោឡាំន។

សង្គ្រាមដើម្បីរួបរួមជាតិអាល្លឺម៉ង់ (ឆ្នាំ១៨៤៨–១៨៧១)

នៅពាក់កណ្តាល់សតវត្សរ៍បន្ទាប់ក្រោយពីសមាជក្រុងវីយែនបានបិទបញ្ចប់ គោលគំនិតពីរបានផុសចេញឡើងនៅក្នុងសហព័ន្ធអាល្លឺម៉ង់ បង្កើតចេញជាសំណួរដេញដោលថា តើអាល្លឺម៉ង់គួរតែបង្កើតជាប្រជាជាតិរួមតែមួយ ឬក៏ត្រូវបន្តរក្សាប្រព័ន្ធបណ្ដុំរដ្ឋនគរអាល្លឺម៉ង់តូចៗជាសហព័ន្ធ។ ជ្រុងមួយទៀតនៃសំណួរដេញដោលនោះគឺថា តើព្រុស ឬមួយក៏អូទ្រីសគួរជារដ្ឋនាំមុខដឹកនាំប្រព័ន្ធរដ្ឋអាល្លឺម៉ង់តែមួយ។ ចំពោះអ្នកគាំទ្រព្រុស គេបានលើកឡើងថា អូទ្រីសគឺរៀងលម្អៀងទៅរកជាតិសាសន៍ដទៃ និងមិនសូវអើពើពីផលប្រយោជន៍នៃប្រជាជាតិអាល្លឺម៉ង់ប៉ុន្មានឡើយ។ ដូច្នេះហើយទើបបានព្រុសក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេក្នុងការដឹកនាំរដ្ឋអាល្លឺម៉ង់តែមួយព្រោះថាព្រុសមានប្រជាជនភាគច្រើនដើមកំណើតអាល្លឺម៉ង់ និងនិយាយភាសាអាល្លឺម៉ង់ស្រាប់។

ការបង្កើតសហភាពពន្ធគយអាល្លឺម៉ង់ (Zollverein) នៅក្នុងឆ្នាំ១៨៣៤ (ដោយមិនរាប់បញ្ចូលអូទ្រីស) បានបង្កើនអំណាច និងឥទ្ធិពលព្រុសកាន់តែខ្លាំងនៅលើរដ្ឋសមាជិកនៃសហព័ន្ធអាល្លឺម៉ង់។ នៅដើមបដិវត្តន៍ឆ្នាំ១៨៤៨ រដ្ឋសភាហ្វ្រាំងហ្វឺតនៃសហព័ន្ធអាល្លឺម៉ង់បានរៀបត្រៀមប្រគល់គោរមងារឱ្យព្រះហ្វ្រីឌ្រិច វិលហែលម៍ទី៤ ជាព្រះរាជានៃរដ្ឋអាល្លឺម៉ង់រួម។ ព្រះហ្វ្រីឌ្រិច វិលហែលម៍ទ្រង់បានបដិសេដនូវដង្វាយនោះដោយទូលថាក្រុមសភាបដិវត្តន៍គ្មានសិទ្ធិអ្វីក្នុងការផ្តល់គោរមងារមកឱ្យព្រះមហាក្សត្រឡើយ។ ប៉ុន្តែជាក់លាក់ទៅ ព្រះអង្គបានបដិសេដដោយសារហេតុផលពីរយ៉ាងគឺ៖ ការទទួលយកសំណើនោះនឹងមិនអាចបញ្ចប់វិវាទដណ្ដើមអំណាចផ្ទៃក្នុងរវាងអូទ្រីសនិងព្រុសបានទេ ហើយរាល់អង្គក្សត្រនិងរាជវង្សានុវង្សព្រុសទាំងអស់ខ្លាចថាការបង្កើតចក្រភពអាល្លឺម៉ង់តាមរយៈក្រុមអ្នកបដិវត្តន៍អាចបញ្ចប់ឯករាជ្យភាពរបស់ព្រុសនៅក្នុងរដ្ឋចក្រភពអាល្លឺម៉ងថ្មីនោះ។

ក្នុងឆ្នាំ១៨៤៨ សកម្មភាពរបស់ដាណឺម៉ាកចំពោះពញារដ្ឋឆ្លែសវីក និងហូលស្តែនបាននាំឱ្យផ្ទុះសង្គ្រាមឆ្លែសវីកលើកទីមួយឡើង (១៨៤៨–៥១) រវាងដាណឺម៉ាកនឹងសហព័ន្ធអាល្លឺម៉ង់ ដែលចុងក្រោយ ដាណឺម៉ាកក៏បានលេចខ្លួនឡើងជាអ្នកឈ្នះ។

ព្រះហ្វ្រីឌ្រិច វិលហែលម៍បានប្រកាសចេញច្បាប់រដ្ឋធម្មនុញ្ញដំបូងបង្អស់របស់ព្រុសដោយខ្លួនព្រះអង្គផ្ទាល់នៅក្នុងឆ្នាំ១៨៤៨ និងបានធ្វើកំណែលើវាខ្លះៗនៅក្នុងឆ្នាំ១៨៥០។ ច្បាប់រដ្ឋធម្មនុញ្ញនោះបានកំណត់បង្កើតសភាជាពីរជាន់ថ្នាក់ ដោយមានរដ្ឋសភាជាសភានីតិប្បញ្ញត្តិ។ សភាជាន់ទាប ឬថ្នាក់ក្រោមហៅថា សភាតំណាងរាស្ត្រ (Abgeodnetenhaus) គឺត្រូវបោះឆ្នោតជ្រើសរើសសមាជិកទាំងអស់ជាបុរសអាយុលើ ២៥​ ឆ្នាំ ដោយផ្អែកលើវណ្ណៈសង្គមទាំងបីថ្នាក់។ អ្នកបោះឆ្នោតជ្រើសរើសសមាជិកសភាត្រូវបានបែងចែកទៅតាមវណ្ណៈសង្គមទាំងបីថ្នាក់នោះ ហើយទម្ងន់នៃសំឡេងឆ្នោតរបស់ពួកគេគឺគិតផ្ទៀងទៅតាមចំនួនពន្ធដែលគេបានបង់។ ប្រព័ន្ធបែបនេះគឺបង្កើតឡើងដូចបម្រើឱ្យតែអ្នកមានអំណាចបុណ្យស័ក្តិអញ្ចឹង។[១៧] ចំពោះសភាជាន់ខ្ពស់គឺព្រឹទ្ធសភា (Herrenhaus) សមាជិកទាំងអស់គឺត្រូវចាត់តាំងដោយព្រះមហាក្សត្រផ្ទាល់។ ព្រះអង្គទ្រង់ក្ដោបក្ដាប់អំណាចប្រតិបត្តិពេញទំហឹង ហើយក្រុមរដ្ឋមន្ត្រីទាំងអស់គឺស្ថិតនៅក្រោមឱវាទរបស់ព្រះអង្គ។ ជាលទ្ធផល អំណាចរបស់ពួកវណ្ណៈម្ចាស់ដីធ្លីគឺនៅមានទម្រង់ដដែរមិនប៉ះពាល់អ្វីដោយរដ្ឋធម្មនុញ្ញនោះឡើយ។ ម្យ៉ាងវិញ កំណែទម្រង់ព្រុសថ្មីក៏បង្កប់នូវធាតុសេរីនិយមខ្លះៗដែរដូចជា តុលាការគណៈវិនិច្ឆ័យ និងការទទួលស្គាល់សិទ្ធិមូលដ្ឋានដូចជា សិទ្ធិសេរីភាពសាសនា ការបញ្ចេញមតិ និងសារព័ត៌មានជាដើម។[១៨]

ព្រះហ្វ្រីឌ្រិច​ វិលហែមល៍ត្រូវប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងឆ្នាំ១៨៥៧ ដែលនាំឱ្យប្អូនប្រុសរបស់ទ្រង់ ព្រះអង្គម្ចាស់វិលហែមល៍ក្លាយខ្លួយជាព្រះរាជានុសិទ្ធិ។ ព្រះអង្គម្ចាស់វិលហែមល៍បានចាប់យកគោលនយោបាយមជ្ឈន្តិកខុសពីគោលនយោបាយបែបសេរីនិយមដូចអង្គក្សត្រមុនៗ។ នៅពេលហ្វ្រីឌ្រិច​ វិលហែមល៍ទី៤ បានសោយព្រះទិវង្គតទៅនៅក្នុងឆ្នាំ១៨៦១ ព្រះអង្គម្ចាស់វិលហែមល៍ក៏បានឡើងស្នងរាជ្យបន្តក្រោមព្រះរាជនាមថា វិលហែមល៍ទី១។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គក៏ត្រូវប្រឈមនឹងវិវាទថ្មីជាមួយសភាជុំវិញរឿងទំហំទ័ពរបស់ព្រុស។ សភាព្រុសដែលភាគច្រើមមានសមាជិកជាអ្នកសេរីនិយមបានជំទាស់ប្រឆាំងនឹងបំណងរបស់ព្រះវិលហែមល៍ក្នុងការបង្កើនចំនួនកងវរសេនាធំ និងការមិនព្រមឧបត្ថម្ភថវិកាទ្រទ្រង់កម្លាំងទ័ពអស់ទាំងនោះ។ ដោយគ្មានការឯកភាពគ្នា វិលហែមល៍ទ្រង់បានចាប់ពិចារណាត្រៀមនឹងដាក់រាជ្យប្រគល់ឱ្យព្រះរាជបុត្រព្រះអង្គព្រះនាមហ្វ្រីឌ្រិចឡើងគ្រងរាជ្យជំនួសទៅហើយ។ ប៉ុន្តែជាជម្រើសចុងក្រោយ ព្រះអង្គបានសម្រេចចិត្តតែងតាំងលោកអូតតូ វន ប៊ីស្មាក់ជានាយករដ្ឋមន្ត្រី ដែលកាលនោះលោកកំពុងបម្រើការជាឯកអង្គរាជទូតព្រុសនៅបារាំង។ លោកប៊ីស្មាក់បានចូលកាន់តំណែងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៦២។

ព្រះរាជាវិលហែលម៍ទី១ ជិះពីលើសេះខ្មៅជាមួយនឹងឯកសណ្ដានយោធារបស់ព្រះអង្គ រួមជាមួយមន្ត្រីព្រះអង្គមានលោកប៊ីស្មាក់ ម៉លត៍ខឺ និងពួកមន្ត្រីផ្សេងទៀត កំពុងសម្លឹងតាមដានសមរភូមិខូនីកហ្ក្រែតស៍

ទោះបីជាលោកប៊ីស្មាក់មានឈ្មោះជាអ្នកអភិរក្សនិយមតឹងរឹងមែន តែលោកបានសុខចិត្តស្វែងរកមធ្យោបាយជុំវិញរឿងវិបត្តិថវិកាយោធា។ ព្រះវិលហែមល៍ទ្រង់នៅតែរឹងរូសបដិសេដមិនព្រមដោះស្រាយដោយទ្រង់គិតថារឿងការពារជាតិគឺជាទំនួលខុសត្រូវបុគ្គលរបស់ព្រះមហាក្សត្រនិងរាជវង្សព្រះអង្គ។ ដោយដូច្នេះ ប៊ីស្មាក់ក៏ត្រូវបង្ខំប្រឈមនឹងគោលនយោបាយសម្មុខីកម្ម ហើយលោកបានចេញនូវទស្សនៈទ្រឹស្តីថ្មី។ បើយោងតាមច្បាប់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រនិងសភាគឺជាអ្នកដែលទទួលខុសត្រូវចំពោះការសម្រេចចិត្តនានាលើថវិកាជាតិ និងយោធា។ លោកប៊ីស្មាក់បានប្រកែកថា ដោយពួកគេមិនអាចសម្រេចលើអ្វីមួយបាន រដ្ឋធម្មនុញ្ញគឺដូចជាមានចន្លោះខ្វះខាត ហើយរាជរដ្ឋាភិបាលត្រូវតែប្រមូលពន្ធបន្ថែមរួចចំណាយវាលើថវិកាជាតិចាស់ដើម្បីឱ្យរដ្ឋាភិបាលអាចដំណើរការបន្តទៅមុខទៀត។ ដូចនេះ នៅចន្លោះពីឆ្នាំ១៨៦២ ដល់ឆ្នាំ១៨៦៦ រដ្ឋាភិបាលព្រុសត្រូវធ្វើការដោយមិនមានថវិកាទ្រទ្រង់ និងបន្សល់ពេលវេលាខ្លះឱ្យប៊ីស្មាក់ធ្វើកំណែទម្រង់យោធា។

ក្រុមអ្នកសេរីនិយមបានបរិហារយ៉ាងសាហាវទៅលោកប៊ីស្មាក់ចំពោះអ្វីដែលពួកគេគិតថាជាការល្មើសច្បាប់មូលដ្ឋានរបស់ជាតិ។ ទោះជាយ៉ាងណា ផែនការដ៏ស៊ីជម្រៅរបស់ប៊ីស្មាក់គឺការសម្របសម្រួលជាមួយពួកសេរីនិយម។ ថ្វីបើលោកធ្លាប់ជំទាស់ប្រឆាំងដាច់ខាតនឹងការបង្រួបបង្រួមជាតិពីមុនមកមែន ប៉ុន្តែមកដល់ពេលនោះ លោកបានគិតមកវិញថាការបង្រួបបង្រូមជាតិអាល្លឺម៉ង់គឺអាចនឹងចៀសផុតឡើយ។ តាមគំនិតរបស់លោក បក្សពួកអ្នកអភិរក្សនិយមគឺត្រូវតែនៅនាំមុខនៅក្នុងដំណើរឆ្ពោះទៅរកការបង្កើតការរួបរួមជាតិនេះ ដើម្បីកុំឱ្យចលនាកាបង្រួបបង្រួមធ្លាក់អស្ថិរភាព។ ម្យ៉ាងទៀត លោកក៏បានគិតដែរថា ពួកសេរីនិយមថ្នាក់កណ្តាលគឺចង់បានប្រជាជាតិអាល្លឺម៉ង់តែមួយច្រើនជាជាងការបំបែកឥទ្ធិពលទំនៀមទម្លាប់ចាស់ៗនៅក្នុងសង្គម។ ដោយហេតុទាំងនេះ ប៊ិស្មាក់ក៏បានចាប់ផ្ដើមដំណើររួបរួមជាតិអាល្លឺម៉ង់ក្រោមអំណាចដឹកនាំរបស់ព្រុស ហើយបានឆ្លងកាត់សង្គ្រាមចំនួនបីនៅក្នុងដំណើរបង្រួបបង្រួមជាតិនោះ។

សង្គ្រាមដំបូងគេគឺសង្គ្រាមឆ្លែសវីកលើកទីពីរ (ឆ្នាំ១៨៦៤) ដែលបានបន្ទុះឡើងដោយព្រុស ហើយជ័យជំនះគឺបានទៅខាងព្រុស ដោយមានការគាំទ្រពីអូទ្រីស។ ជាលទ្ធផល ដាណឺម៉ាកត្រូវបរាជ័យហើយត្រូវកាត់ប្រគល់ឆ្លែសវីកឱ្យមកព្រុស និងហូលស្តែនឱ្យទៅអូទ្រីស។

លទ្ធផលនៃសង្គ្រាមអូទ្រីស-ព្រុស (ឆ្នាំ១៨៦៦)៖
  ព្រុស
  សម្ព័ន្ធមិត្តព្រុស៖ អ៊ីតាលី និងរដ្ឋអាល្លឺម៉ង់ចំនួន ១៤ ផ្សេងទៀត
  សម្ព័ន្ធមិត្តអូទ្រីស៖ រដ្ឋអាល្លឺម៉ង់ចំនួន ១១ ផ្សេងទៀត
  រដ្ឋអាព្យាក្រឹត្យ៖ លិចតិនស្តាញ លីមប៊ឺក លុចសំបួរ រ៉ោស-ស្លែត្ស៍ សាចសិន-វ៉ៃម៉ា-អៃសេណាក ស្វាត្ស៍ប៊ួក-រូដុលស្តាដត៍
  រដ្ឋព្រុសដណ្ដើមក្នុងសង្គ្រាម៖ ហាណូវើ ឆ្លែសវីក-ហូលស្តែន ហេស្សិន ហេស្សិន-កាស្សែល ណាស្សូ និងហ្វ្រាំងហ្វឺត

ការបែងចែករដ្ឋបាលឆ្លែសវីក និងហូលស្តែនបានក្លាយជាដើមហេតុបណ្តាលឱ្យផ្ទុះសង្គ្រាមព្រុស-អូទ្រីសនៅឆ្នាំ១៨៦៦ ឬគេច្រើនហៅម្យ៉ាងទៀតថាសង្គ្រាមប្រាំពីរសប្តាហ៍។ ព្រះរាជាណាចក្រព្រុស ដែលបានចងសម្ព័ន្ធភាពជាមួយអ៊ីតាលី និងបណ្ដារដ្ឋអាល្លឺម៉ង់នៅភាគខាងជើងមួយចំនួន បានប្រកាសសង្គ្រាមប្រឆាំងចក្រភពអូទ្រីស។ សម្ព័ន្ធមិត្តរបស់អូទ្រីសត្រូវបានផ្តួល ហើយព្រុសក៏បានកាត់បញ្ចូលរដ្ឋជាសម្ព័ន្ធមិត្តអូទ្រីសចំនួនបួនចូលក្នុងទឹកដីខ្លួនដូចជា ព្រះរាជាណាចក្រហាណូវើ ហេស្សិន ពញារដ្ឋណាស្សូ និងបុរីសេរីហ្វ្រាំងហ្វឺត។ មិនតែប៉ុណ្ណោះ ព្រុសបានកាត់តំបន់ឆ្លែសវីកនិងហូលស្តែនទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន និងចងឯកត្តសហភាពជាមួយសាចសិន-ឡោអិនបួក (ក្រោយមកត្រូវបានព្រុសបញ្ចូលជាសហភាពពេញលេញនៅឆ្នាំ១៨៧៦)។ ដំបូង ព្រះអង្គម្ចាស់វិលហែមល៍ទ្រង់ចង់កាត់ដណ្តើមយកទឹកដីពីអូទ្រីសនិងរដ្ឋសាចសិនទាំងមូល ក៏ប៉ុន្តែលោកប៊ីស្មាក់បានឃាត់ និងប្រាប់ទ្រង់ឱ្យបោះចោលនូវគំនិតព្រះអង្គ។ ថ្វីបើលោកប៊ីស្មាក់មិនមានបំណងចង់ឱ្យអូទ្រីសចូលជ្រៀតជ្រែកក្នុងកិច្ចការប្រទេសជាតិអាល្លឺម៉ង់ក៏ពិតមែន តែលោកមើលឃើញពីសក្តានុពលរបស់អូទ្រីសក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ព្រុសនៅពេលអនាគត។ បន្ទាប់ពីទទួលបានទឹកដីថ្មីទាំងនេះ វិសាលភាពទឹកដីព្រុសបានលាតសន្ធឹងពីតំបន់រ៉ាំងភ្ជាប់នឹងវែស្តហ្វាលីដោយមិនមានរដ្ឋ ឬទឹកដីណាផ្សេងបំបែកទៀតឡើយ។ បើរាប់ទាំងរដ្ឋសាចសិន-ឡោអិនបួកដែរនុះទឹកដីព្រុសគឺលាតត្រដាងប្រមាណពីរភាគបីនៃផ្ទៃដីអាល្លឺម៉ង់ភាគខាងជើងទាំងមូល ហើយទំហំនេះត្រូវបានរក្សារហូតដល់ឆ្នាំ១៩១៨ នៅពេលដែលរបបរាជាធិបតេយ្យត្រូវបានផ្តួលរំលំ។

ប៊ីស្មាក់បានឆក់យកឱកាសនេះដើម្បីបញ្ចប់នូវជម្លោះថវិកាជាតិជាមួយនឹងក្រុមសភា។ លោកបានស្នើព្រាងច្បាប់សំណងដែលនឹងផ្តល់ឱ្យលោកនូវអនុម័តិប្រតិសកម្មសម្រាប់ការដឹកនាំដោយគ្មាននីតិថវិកា។ លោកបានទាយទុកមុនថាសកម្មភាពនេះនឹងបំបែកក្រុមអ្នកសេរីនិយមជាពីរបក្សពួកផ្សេងគ្នា ហើយវាពិតជាបំបែកបានមែន។ អ្នកសេរីនិយមមួយចំនួនបានប្រកែកក្ដាំងៗថាគ្មានផ្លូវសម្របសម្រួលរកដំណោះស្រាយល្អជាក់លាក់ជាមួយនឹងរាជរដ្ឋាភិបាលបានឡើយ ប៉ុន្តែក្រុមអ្នកសេរីនិយមភាគច្រើនម្ខាងទៀតបានសម្រេចគាំទ្រសេចក្ដីព្រាងច្បាប់របស់ប៊ីស្មាក់ដោយសង្ឃឹមថាវានឹងអាចបើកឱ្យប្រជាជនទូទៅមានសេរីភាពបន្ថែមទៀតនាពេលអនាគត។

ជាលទ្ធផលនៃសង្គ្រាមព្រុស-អូទ្រីសផងដែរ សហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានរំលាយចោលជាផ្លូវការ។ ព្រុសជាបន្ទាប់បានក្ដោបបញ្ចូលរដ្ឋអាល្លឺម៉ង់ទាំង ២១ នៅភាគខាងជើងចូលក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើងថ្មីនៅក្នុងឆ្នាំ១៨៦៦។ ព្រុសបានក្លាយជារដ្ឋសមាជិកនាំមុខគេនៅក្នុងសហព័ន្ធថ្មីនោះដោយមានទឹកដី និងប្រជាជនប្រមាណគ្របដណ្ដប់បួនភាគប្រាំ លើលលប់ច្រើនជាងរដ្ឋសមាជិកដទៃទៀតឆ្ងាយ។ អំណាចគ្រប់គ្រងស្ទើរទាំងស្រុងរបស់ព្រុសក្នុងសហព័ន្ធនោះគឺត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញថ្មីដែលបានសរសេរឡើងដោយលោកប៊ីស្មាក់ផ្ទាល់។ អំណាចនីតិប្រតិបត្តិត្រូវស្ថិតក្នុងដៃប្រធានាធិបតី—ពោលគឺក្រោមព្រះមហាក្សត្រព្រុស។ ប្រព័ន្ធសភាថ្មីត្រូវបានបង្កើតឡើងដោយបែងចែកជាពីរជាន់ថ្នាក់ដដែរ។ សភាជាន់ទាបគឺហៅថា រ៉ែកស្តាក (Reichstag) ហើយសមាជិកគឺត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយបុរសៗគ្រប់ស្រទាប់វណ្ណៈដោយលែងបែងចែកដូចមុន។ សភាជាន់ខ្ពស់ហៅថា ប៊ុនដេសរ៉ាត (Bundesrat) ហើយសមាជិកគឺត្រូវតែងតាំងដោយអាជ្ញាធររដ្ឋ។ ជាក់ស្តែង បុនដេសរ៉ាតគឺមានអំណាចខ្លាំងជាងស្ថាប័ននីតិប្បញ្ញត្តិផ្សេងៗទាំងអស់នៅក្នុងសហព័ន្ធ។ រដ្ឋព្រុសគឺមានសំឡេងឆ្នោតចំនួន ១៧ សន្លឹកក្នុងចំណោមសំឡេងសរុប ៤៧ សន្លឹក ហើយអាចគ្រប់គ្រងទម្រង់ការនីតិវិធីផ្សេងៗបានយ៉ាងងាយដោយត្រូវការចងសម្ព័ន្ធភាពជាមួយរដ្ឋតែប៉ុន្មានប៉ុណ្ណោះដើម្បីបានសំឡេងភាគច្រើន។ ដូចគោលបំណងដែលបានកត់ទុក លោកប៊ីស្មាក់បានក្លាយជាក្បាលម៉ាស៊ីនដឹកនាំដ៏ឧត្តុងឧត្តមបន្ទាប់ពីព្រះមហាក្សត្រ។ ប៊ីស្មាក់បានតែងតាំងខ្លួនជារដ្ឋមន្រ្តីក្រសួងការបរទេសដំណាលគ្នានឹងតំណែងជានាយករដ្ឋមន្រ្តីព្រុស ហើយបានណែនាំគណៈប្រតិភូព្រុសជាច្រើនឱ្យចូលជាសមាជិកប៊ុនដេសរ៉ាត។

មិនយូរប៉ុន្មានក្រោយចប់សង្គ្រាម រដ្ឋអាល្លឺម៉ង់នៅភាគខាងត្បូង (លើកលែងតែអូទ្រីស) ត្រូវបានព្រុសបង្ខំឱ្យចងសម្ព័ន្ធភាពយោធាខ្លួន ហើយក៏បានចាប់ផ្តើមដំណើរបញ្ចូលរដ្ឋទាំងនោះទៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង។ ផែនការបង្រួបបង្រួមជាតិអាល្លឺម៉ង់របស់លោកប៊ីស្មាក់បានខិតជិតសម្រេចបណ្ដើរៗលើសពីការស្មាន។

ដំណាក់កាលចុងក្រោយនៃដំណើរបង្រួបបង្រួមរដ្ឋអាល្លឺម៉ង់គឺកើតចេញពីសង្គ្រាមបារាំង-ព្រុស (១៨៧០–១៨៧១) បន្ទាប់ពីប៊ីស្មាក់បានប្រើកលល្បិចបោកបញ្ឆោតឱ្យអធិរាជបារាំងព្រះចៅណាប៉ូលេអុងទី៣ ប្រកាសសង្គ្រាមមកលើព្រុស។ សម្ព័ន្ធភាពយោធាតាមបណ្ដារដ្ឋអាល្លឺម៉ង់ដែលបានបង្កើតឡើងក្រោយសង្គ្រាមព្រុស-អូទ្រីស បានតម្រូវឱ្យរដ្ឋអាល្លឺម៉ង់ទាំងអស់ព្រួតគ្នាតបតនឹងបារាំង ហើយក៏បានយកឈ្នះលើបារាំងជាលទ្ធផល។ ជ័យជម្នះអាល្លឺម៉ង់ក្នុងសង្គ្រាមជាមួយបារាំងបានបណ្ដុះគំនិតស្នេហាជាតិបន្ថែមនៅតាមរដ្ឋប្រទេសអាល្លឺម៉ង់រហូតដល់មានចលនាទាមទារបង្រួមបង្កើតជាប្រជាជាតិអាល្លឺម៉ង់តែមួយ។ ទីបំផុតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨៧១ (ជាខួបលើកទី១៧០ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ហ្វ្រីឌ្រិចទី១ ក្នុងនាមជាព្រះរាជាដំបូងនៃព្រះរាជាណាចក្រព្រុស) ចក្រភពអាល្លឺម៉ង់ក៏បានប្រកាសបង្កើតឡើងនៅព្រះរាជវាំងវែសៃក្រៅរាជធានីប៉ារីសដែលកាលនុះនៅស្ថិតក្រោមការត្រួតត្រារបស់អាល្លឺម៉ង់នៅឡើយ។ ព្រះអង្គម្ចាស់វិលហែមល៍បានក្លាយជាព្រះអធិរាជ (Kaiser) ដំបូងគេនៃប្រជាជាតិអាល្លឺម៉ង់រួមថ្មី។ គួររំលឹកដែរថា គោរមងារព្រះអធិរាជអាល្លឺម៉ង់ និងព្រះមហាក្សត្រព្រុសគឺស្ថិតនៅលើមនុស្សតែមួយរហូតដល់ពេលរបបរាជាធិបតេយ្យអាល្លឺម៉ង់ត្រូវបានលុបបំបាត់។

ឆ្នាំ១៨៧១–ឆ្នាំ១៩១៨៖ ភាពរីកចម្រើន និងការដួលរលំ

ចក្រភពថ្មីរបស់ប៊ីស្មាក់គឺជារដ្ឋមួយដ៏មានអំណាចឥទ្ធិពលខ្លាំងបំផុតនៅក្នុងទ្វីបអឺរ៉ុប។ អំណាចគ្រប់គ្រងរបស់ព្រុសនៅក្នុងចក្រភពអាល្លឺម៉ង់ថ្មីគឺស្ទើរតែដូចគ្នានឹងអំណាចដែលពួកគេមាននៅក្នុងអតីតសហព័ន្ធអាល្លឺម៉ង់ខាងជើងដែរ។ រាជសម្បត្តិនៃចក្រភពអាល្លឺម៉ង់គឺប្រៀបបានដូចជាកម្មសិទ្ធិរបស់រាជវង្សហូហិនសោឡាំន។ មិនតែប៉ុណ្ណោះ ព្រុសមានសំឡេងបោះឆ្នោតនៅក្នុងប៊ុនដេសរ៉ាតចំនួន ១៧ សន្លឹកលើសំឡេងសរុបចំនួន ៥៨ សន្លឹក (១៧ សំឡេងលើ ៦១ សំឡេងនៅក្រោយឆ្នាំ១៩១១) ខណៈរដ្ឋផ្សេងៗមិនមានសំឡេងលើសពី ៦ ផង។ ដូចមុនដដែរ រដ្ឋព្រុសអាចគ្រប់គ្រងទម្រង់ការនីតិវិធីដោយប្រសឹទ្ធិភាពតាមរយៈសំឡេងគាំទ្ររបស់សម្ព័ន្ធមិត្តខ្លួននៅក្នុងសភា។ ដូចធ្លាប់បានរៀបរាប់តាមខាងលើ ប៊ីស្មាក់បានបម្រើការជារដ្ឋមន្រ្តីក្រសួងការបរទេសព្រុសស្ទើរតែពេញមួយអាជីពរបស់លោកទៅហើយ ដោយក្នុងនោះលោកបានណែនាំឱ្យអ្នកតំណាងព្រុសចូលបម្រើការក្នុងប៊ុនដេសរ៉ាត។ កងទ័ពរាជាធិរាជអាល្លឺម៉ង់គឺដូចជាកងទ័ពព្រុសពីមុនដដែរគ្រាន់តែមានទំហំធំជាង ហើយស្ថានទូតនៃចក្រភពថ្មីនេះភាគច្រើនមានទីតាំងស្ថិតក្នុងស្ថានទូតចាស់ៗរបស់ព្រុស។ រីឯរដ្ឋធម្មនុញ្ញចក្រភពអាល្លឺម៉ង់វិញគឺគ្រាន់តែមានការកែប្រែបន្តិចបន្តួចប៉ុណ្ណោះពីរដ្ឋធម្មនុញ្ញចាស់នៃអតីតសហព័ន្ធអាល្លឺម៉ង់ខាងជើង។

A map of the Prussian Provinces and other states of the German Empire
ទឹកដីព្រុសនៅក្នុងចក្រភពអាល្លឺម៉ង់ ១៨៧១–១៩១៨
A map of the administrative divisions of Germany in 1900
បំណែងចែករដ្ឋបាលនៃចក្រភពអាល្លឺម៉ង់នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០០

ទោះជាយ៉ាងណា ហានិភ័យដែលអាចកើតឡើងក្នុងរបបថ្មីគឺស្ថិតនៅក្នុងភាពមិនស៊ីជម្រៅគ្នារវាងប្រព័ន្ធរាជាធិរាជ និងប្រព័ន្ធដឹកនាំរបស់ព្រុស។ ចក្រភពអាល្លឺម៉ង់បានអនុញ្ញាតឱ្យមនុស្សប្រុសគ្រប់រូបដែលមានអាយុលើសពី ២៥ ឆ្នាំឡើងទៅតែប៉ុណ្ណោះមានសិទ្ធិចូលរួមបោះឆ្នោត ក៏ប៉ុន្តែព្រុសនៅតែបន្តរក្សាប្រព័ន្ធបោះឆ្នោតបីវណ្ណៈថ្នាក់ដដែរ ដោយសំឡេងឆ្នោតបុគ្គលគឺអាស្រ័យទៅលើចំនួនពន្ធដែលគេបានបង់ពីមុន។[១៧] ដោយសារតែអធិការបតីរាជាធិរាជមានមុខតំណែងជានាយករដ្ឋមន្ត្រីព្រុសដែរ (លើកលែងតែពីរសម័យកាល គឺពីអំឡុងខែមករាដល់ខែវិច្ឆិកានៃឆ្នាំ១៨៧៣ និងពីឆ្នាំ១៨៩២ ដល់ឆ្នាំ១៨៩៤) ដូចនេះ ព្រះរាជា/អធិរាជ និងនាយករដ្ឋមន្រ្តី/អធិការបតីត្រូវការសំឡេងបោះឆ្នោតភាគច្រើនពីអង្គនីតិប្បញ្ញត្តិពីរស្រទាប់ខុសគ្នា (ព្រុស និងអាល្លឺម៉ង់)។

នៅពេលចក្រភពកើតដំបូង ទាំងប្រជាជនព្រុសនិងអាល្លឺម៉ង់ប្រមាណពីរភាគបីមានមូលដ្ឋានរស់នៅតាមទីជនបទ។ ត្រឹមតែរយៈពេល ២០ ឆ្នាំក្រោយការបង្កើតប៉ុណ្ណោះ ស្ថានភាពនេះក៏ប្រែផ្ទុយស្រឡះដោយប្រជាជនបានសម្រុកទៅរស់នៅតាមទីប្រជុំជននានានាំឱ្យប្រជាជនតាមទីក្រុងកើនស្មើនឹងពីរភាគបីនៃចំនួនប្រជាជនសរុប។ ក្នុងពេលដំណាលគ្នានេះដែរ រដ្ឋបាលក្នុងព្រះរាជាណាចក្រព្រុស និងក្នុងចក្រភពអាល្លឺម៉ង់មិនបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាជន និងឥទ្ធិពលនៃទីប្រជុំជនឡើយ។ ដោយហេតុនេះបានធ្វើឱ្យសំឡេងឆ្នោតនៅទីជនបទមានឥទ្ធិពលខ្លាំងជាងទីប្រជុំជនថ្វីបើប្រជាជនស្ទើរគ្រប់រូបបានផ្លាស់ទៅរស់នៅក្នុងទីក្រុង។

លោកប៊ីស្មាក់បានដឹងថាបណ្ដាមហាអំណាចអឺរ៉ុបកំពុងកើតការព្រួយបារម្ភខ្លាំងមកលើចក្រភពអាល្លឺម៉ង់ថ្មីនេះ ដូច្នេះលោកក៏បានផ្តួចផ្តើមកិច្ចចរចាស្ថានការណ៍សន្តិភាពនៅក្នុងសមាជទីក្រុងប៊ែរឡាំង។ ក្នុងនោះ អាល្លឺម៉ង់បានពង្រឹងទំនាក់ទំនងមិត្តភាពជាមួយចក្រភពអង់គ្លេសកាន់តែស្និទ។ មិត្តភាពរវាងទីក្រុងឡុងដ៍និងប៊ែរឡាំងគឺមានសារៈសំខាន់ខ្លាំងនាពេលនោះ ពិសេសបន្ទាប់ពីរជ្ជទាយាទអាល្លឺម៉ង់ព្រះអង្គម្ចាស់ហ្វ្រីឌ្រិច វិលហែមល៍បានរៀបអភិសេកជាមួយព្រះនាងនៃចក្រភពអង់គ្លេសព្រះនាមវិកតូរីយ៉ានៅក្នុងឆ្នាំ១៨៥៨។

ព្រះវិលហែមល៍ទី១ បានសោយព្រះទិវង្គតនៅក្នុងឆ្នាំ១៨៨៨ ហើយបានស្នងដោយរជ្ជទាយាទរបស់ព្រះអង្គក្រោមព្រះរាជនាមហ្វ្រីឌ្រិចទី៣។ អធិរាជអាល្លឺម៉ង់ថ្មីទ្រង់មានទំនោរខ្លាំងទៅរកចក្រភពអង់គ្លេស ហើយព្រះអង្គមានបំណងកែប្រែព្រុស និងចក្រភពអាល្លឺម៉ង់ជារួមឱ្យមានតម្លៃសេរីភាព និងរាជាប្រជាធិបតេយ្យអាស្រ័យដូចនឹងចក្រភពអង់គ្លេសដែរ។ ប៉ុន្តែព្រះអង្គទ្រង់មានជំងឺរោគាពាធធ្ងន់ធ្ងរស្រាប់ទៅហើយពេលឡើងសោយរាជ្យ ហើយទ្រង់ក៏បានសោយទិវង្គតដោយជំងឺមហារីកបំពង់កក្រោយបានកាន់អំណាចបានត្រឹម ៩៩ ថ្ងៃ។ ព្រះរាជបុត្រាព្រះអង្គក៏បានឡើយស្នងរាជសម្បត្តិបន្តក្រោមព្រះនាមវិលហែមល៍ទី២ ក្នុងព្រះជន្មាយុ ២៩ ព្រះវស្សា។ កាលនៅកុមារភាព ព្រះវិលហែមល៍ទ្រង់បានខ្វែងគំនិតគ្នាជាមួយព្រះមាតាបិតាព្រះអង្គជុំវិញសារៈសំខាន់នៃលទ្ធិសេរីនិយម ហើយក្រោមព្យាបាលភាពរបស់ប៊ីស្មាក់ ទ្រង់ក៏កើតគំនិតគិតមមៃឱ្យតម្លៃលើព្រុសច្រើនជាងចក្រភពអាល្លឺម៉ង់ទាំងមូល។

អធិរាជថ្មីនៃអាល្លឺម៉ង់បានបង្ខូចមិត្តភាពព្រុសជាមួយនឹងអង់គ្លេស និងរុស្ស៊ី (ថ្វីបើទ្រង់មានជាប់សាច់ឈាមជាមួយរាជវង្សអង់គ្លេសនិងរុស្ស៊ីក្ដី) ដោយបានក្លាយជាគូបដិបក្ខចម្បងជាមួយអង់គ្លេស និងរុស្ស៊ី។ មុនហើយនិងក្នុងអំឡុងសង្គ្រាមលោកលើកទី១ (១៩១៤–១៩១៨) ព្រុសបានបង្កើននិងពង្រឹងកម្លាំងទាហានជើងគោកនិងទឹកជាច្រើននៅក្នុងជួរយោធាអាល្លឺម៉ង់ ខណៈពួកវណ្ណៈអភិជនព្រុសជាច្រើននាក់បានគ្រប់គ្រងអំណាចក្នុងចក្រភព។ ទោះបីជាយ៉ាងណា នៅពេលសង្គ្រាមលោកបានផ្ទុះឡើង កងកម្លាំងរុស្ស៊ីនៅតែអាចរុញច្រានទាហានអាល្លឺម៉ង់ចូលប្រយុទ្ធក្នុងទឹកដីព្រុសផ្ទាល់មួយផ្នែកតែម្តង។ មិនយូរប៉ុន្មាន ព្រុស និងអាល្លឺម៉ង់ទាំងមូលត្រូវប្រឈមនឹងបញ្ហាបដិវត្តន៍ពីមហាជនអាល្លឺម៉ង់រហូតដល់សង្គ្រាមបានបញ្ចប់ដោយយុទ្ធិសន្តិភាពនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨។

ការបះបោរបានផ្ទុះឡើងនៅរាជធានីប៊ែរឡាំង និងទីប្រជុំជនសំខាន់ៗដទៃទៀតរួចបានបង្កជាជម្លោះស៊ីវិលដែលគេនិយមហៅថា បដិវត្តន៍អាល្លឺម៉ង់ឆ្នាំ១៩១៨–១៩១៩ (Novemberrevolution)។ គិតត្រឹមចុងឆ្នាំ១៩១៨ សភាតំណាងរាស្ត្រព្រុសត្រូវគ្របដណ្ដប់ដោយសមាជិកនៃគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ ដែលជាក្រុមគាំទ្រលទ្ធិម៉ាក្សនិយម។ ព្រះចៅវិលហែមល៍ទ្រង់ដឹងថាខ្លួននឹងបាត់បង់រាជបល្ល័ង្កអាល្លឺម៉ង់ ប៉ុន្តែព្រះអង្គនៅតែសង្ឃឹមថានឹងអាចរក្សារាជបល្ល័ង្កព្រុសបាន ព្រោះព្រះអង្គយល់ឃើញថាបើខ្លួននៅមានអំណាចជាមេដឹកនាំនៃរដ្ឋមួយដែលមានទឹកដីពីរភាគបីនៃទឹកដីអាល្លឺម៉ង់ទាំងមូលនោះ ទ្រង់នឹងអាចបន្សាបអំណាចនិងឥទ្ធិពលរបស់ខ្លួនទៅក្នុងរបបថ្មីនៅពេលអនាគត។ មិនយូរប៉ុន្មានព្រះអង្គបានដឹងខ្លួនបន្ថែមទៀតថាផែនការព្រះអង្គគឺមិនអាចទៅមុខរួចនោះទេនៅក្រោមរដ្ឋធម្មនុញ្ញអាល្លឺម៉ង់។ ទោះព្រះអង្គបានជឿថាទ្រង់បានកំពុងដឹកនាំចក្រភពអាល្លឺម៉ង់ក្រោមឯកត្តសហភាពជាមួយព្រុស ក៏ប៉ុន្តែក្នុងរដ្ឋធម្មនុញ្ញអាល្លឺម៉ង់បានចែងស្តែងៗថា រាជបល្ល័ង្កអាល្លឺម៉ង់គឺមានទំនាក់ទំនងជាប់នឹងរាជបល្ល័ង្កព្រុស។ លើសពីនេះទៅទៀត កងយោធាអាល្លឺម៉ង់បានបាត់បង់រាល់ជំនឿចិត្តទាំងឡាយដែលពួកគេធ្លាប់មានលើព្រះវិលហែមល៍។ ដូច្នេះនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩១៨ ព្រះចៅវិលហែមល៍ក៏បានប្រកាសដាក់រាជ្យក្នុងនាមជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រព្រុស និងជាព្រះចៅអធិរាជនៃចក្រភពអាល្លឺម៉ង់ ហើយក៏បាននិរទេសខ្លួនទៅប្រទេសហុល្លង់នៅថ្ងៃបន្ទាប់។ ដោយចលនាបះបោរប្រដាប់អាវុធនៅតែសកម្ម បូករួមនឹងភាពអនាធិបតេយ្យគ្រប់រូបភាពនៅតាមដងផ្លូវទីក្រុងប៊ែរឡាំង រដ្ឋភិបាលព្រុសក៏បានប្រកាសសុំជំនួយយោធាចូលឡោមព័ទ្ធទីក្រុង។ កលពលមួយក្រុមក្រោមបញ្ជាការរបស់លោកវ៉ាល់ដេម៉ា ផាបស្កិ៍បានចេញតទល់នឹងចលនាបះបោរនៅប៊ែរឡាំងទាំងនោះ។ ដល់ពេលការប្រយុទ្ធបានបញ្ចប់នៅថ្ងៃទី១៦ ខែមីនា កម្លាំងបង្ក្រាបរបស់លោកបានសម្លាប់មនុស្សអស់ចំនួន ១,២០០ នាក់ដែលភាគច្រើនជាប្រជាជនស្លូតត្រង់គ្មានអាវុធនឹងដៃ ហើយក្នុងករណីខ្លះមិនមានអ្វីជាប់ពាក់ព័ន្ធនឹងចលនាបះបោរផង។ សម័យកាលបដិវត្តន៍នៅអាល្លឺម៉ង់បានចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ១៩១៨ និងបានបន្តរហូតដល់ខែសីហា ឆ្នាំ១៩១៩ នៅពេលដែលរបបសាធារណរដ្ឋថ្មីបានប្រកាស ពោលគឺសាធារណរដ្ឋវ៉ៃម៉ា

ព្រះរាជាណាចក្រព្រុសត្រូវបានប្រែឈ្មោះជាផ្លូវការមករដ្ឋសេរីព្រុស ហើយត្រូវបានបញ្ចូលជាតំបន់រដ្ឋបាលមួយក្រោមសាធារណរដ្ឋវ៉ៃម៉ាដោយមានរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ១៩២០។ ទីបំផុត រដ្ឋព្រុសទាំងមូលត្រូវបានរំលាយជាផ្លូវការគ្រប់ទម្រង់នៅក្នុងឆ្នាំ១៩៤៧។

រដ្ឋ

ព្រះរាជវាំងប៊ែរឡាំង ដែលជាទីស្នាក់អាស្រ័យរបស់រាជវង្សហូហិនសោឡាំន

រដ្ឋាភិបាល

អំណាចរួមដូចជាអំណាចសក្តិភូមិនិងការិយាធិបតេយ្យ ដែលរបបរាជាធិបតេយ្យផ្តាច់ការរបស់ព្រុសផ្អែកលើ បានមើលឃើញពីគុណសម្បត្តិក្នុងការរឹតបន្តឹងសិទ្ធិសេរីភាពបុគ្គល និងប្រជាធិបតេយ្យពិតប្រាកដ។ ដូច្នេះ អាជ្ញាធរព្រុសក៏ជ្រើសរើសវិធីសាស្ត្រដឹកនាំប្រទេសតាមបែបអំណាចនគរបាល។[១៩] "រដ្ឋនគរបាល" ដូចដែលបានលើកឡើងដោយលោកអូតតូ ហ៊ីនហ្សឺ វាបានជំនួសប្រព័ន្ធគ្រប់គ្រងក្នុងរបបចាស់ដោយលក្ខណៈពិសេសរបស់វាគឺការគ្រប់គ្រងផ្អែកលើប្រព័ន្ធដីធ្លីដែលអំណាចស្ថិតក្នុងដៃក្រុមវណ្ណៈអភិជន គាំទ្រដោយរដ្ឋធម្មនុញ្ញ។[២០]

នយោបាយ

មកុដព្រះមហាក្សត្រព្រុស (ព្រះរាជវាំងហូហិនសោឡាំន)

ព្រះរាជាណាចក្រព្រុសដើមឡើយជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការរហូតដល់បដិវត្តន៍អាល្លឺម៉ង់ឆ្នាំ១៨៤៨ បានធ្វើឱ្យព្រុសប្រែមកកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញវិញ ហើយលោកអាដុល ហែនរិច វន អានីម-បោតហ្សិនបួកក៏ត្រូវបានជ្រើសរើសតែងតាំងជាប្រធានរដ្ឋមន្រ្តីដំបូងនៃព្រះរាជាណាចក្រព្រុស។ យោងតាមរដ្ឋធម្មនុញ្ញព្រុសដំបូង ប្រព័ន្ធសភាពីរថ្នាក់ត្រូវបានបង្កើតឡើងហៅថា រដ្ឋសភា (Landtag)។ សភាជាន់ទាបដែលហៅថាសភាតំណាងរាស្ត្រព្រុសគឺគេជ្រើសរើសសមាជិកតាមរយៈការបោះឆ្នោតដោយបុរសអាយុលើ ២៥ ឆ្នាំដែលបានបង់ពន្ធជូនរដ្ឋរួច និងផ្អែកលើប្រព័ន្ធបោះឆ្នោតបីវណ្ណៈថ្នាក់ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៨៥០។[១៧] ចំណែកឯសភាជាន់ខ្ពស់វិញគឺព្រឹទ្ធសភាព្រុសមានសមាជិកតែងតាំងដោយព្រះមហាក្សត្រ។ ព្រះអង្គក្ដោបអំណាចនីតិប្រតិបត្តិទាំងមូល ហើយមានតែពួករដ្ឋមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះដែលទទួលបញ្ជាផ្ទាល់ពីទ្រង់។ ជាលទ្ធផល ក្រុមវណ្ណៈអភិជនម្ចាស់ដីធ្លីព្រុសគឺនៅតែមានឫទ្ធិអំណាចដដែរ ជាពិសេសនៅតំបន់ភាគខាងកើត។ កម្លាំងនគរបាលសម្ងាត់ព្រុសត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងបដិវត្តន៍ឆ្នាំ១៨៤៨–១៨៤៩ និងជាកម្លាំងជំនួយដ៏ប្រសើររបស់រាជរដ្ឋាភិបាលអភិរក្សនិយមនាសម័យនោះ។

រដ្ឋធម្មនុញ្ញ

ក្នុងមួយអត្ថិភាពរបស់ព្រះរាជាណាចក្រព្រុស រដ្ឋធម្មនុញ្ញចំនួនពីរត្រូវបានអនុម័តដោយលើកទីមួយនៅក្នុងឆ្នាំ១៨៤៨ និងចុងក្រោយនៅឆ្នាំ១៨៥០។ រដ្ឋធម្មនុញ្ញឆ្នាំ១៨៤៨ ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់​ ដោយព្រះហ្វ្រីឌ្រិច វិលហែមល៍ទី៤ បន្ទាប់ពីការផ្ទុះឡើងនៃបដិវត្តន៍ឆ្នាំ១៨៤៨–១៨៤៩។[២១] ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាព្រុសត្រូវបានធ្វើឡើងនៅដើមឆ្នាំ១៨៤៨ ដោយមានតែបុរសអាយុលើស ២៥ ឆ្នាំប៉ុណ្ណោះដែលមានសិទ្ធិចូលបោះឆ្នោត។ រដ្ឋធម្មនុញ្ញដំបូងនោះត្រូវបានតាក់តែងដោយព្រះហ្វ្រីឌ្រិច វិលហែមល៍ និងមន្ត្រីរបស់ព្រះអង្គដោយក្នុងនោះវាបានកំណត់ថាព្រះអង្គជាបុគ្គលដែលក្ដោបអំណាចកំពូល។ រដ្ឋសភាថ្មីនោះបានតបវិញជាមួយនឹងកិច្ចប្រជុំប្រកាស Charte Waldeck ដែលជាបញ្ជីបញ្ជាក់សិទ្ធិមូលដ្ឋាន និង Volkswehr ដែលអំណាចត្រូវជាទំនួលខុសត្រូវរបស់សភា និងការរឹតបន្តឹងបន្ថែមលើប្រព័ន្ធសក្តិភូមិ។ ព្រះមហាក្សត្រទ្រង់បានប្រកាសប្រាប់រដ្ឋមន្ត្រីរបស់ព្រះអង្គថា "យើងនឹងមិនទទួលយល់ស្របនឹងវាជាដាច់ខាតទោះក្នុងកាលៈទេសៈណាក្ដី"។ នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រះអង្គបានផ្អាករាល់ជំនួបនិងសកម្មភាពរបស់សភា ហើយក៏បានអនុម័តប្រកាសរដ្ឋធម្មនុញ្ញដោយខ្លួនព្រះអង្គផ្ទាល់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៨៤៨។ កំណែរដ្ឋធម្មនុញ្ញថ្មីបានរួមបញ្ចូលធាតុសេរីនិយមខ្លះៗដែលដកស្រង់ចេញពី Charte Waldeck ដូចជាការបង្កើតប្រព័ន្ធសភាពីរថ្នាក់ ការបង្កើតតុលាការគណៈវិនិច្ឆ័យ កំណត់សិទ្ធិអំណាចមួយចំនួនរបស់ព្រះមហាក្សត្រ និងប្រកាសអំណាចបញ្ជាធានានីតិនិច្ឆ័យជាដើម។ ក្នុងនោះដែរក៏បានធានានូវសិទ្ធិមូលដ្ឋានមួយចំនួនដូចជា សិទ្ធិបញ្ចេញមតិ សារព័ត៌មាន និងសាសនា។[២២]

ថ្វីបើរដ្ឋធម្មនុញ្ញមានចំណុចសេរីនិយមខ្លះៗមែន ប៉ុន្តែរដ្ឋព្រុសទាំងមូលនៅមិនទាន់មានប្រជាធិបតេយ្យពេញលេញនៅឡើយទេ។ ព្រះមហាក្សត្រនៅតែរក្សាសិទ្ធិជំទាស់រាល់គម្រោងច្បាប់ណាដែលទ្រង់មិនពេញចិត្ត នាំឱ្យអំណាចបែងចែកនៅព្រុសនៅមានកម្រិតខ្សោយនៅឡើយ។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រទ្រង់ស្ថិតនៅលើអំណាចច្បាប់់ មានន័យថាតុលាការមិនអាចប៉ះពាល់ទ្រង់បានឡើយ ហើយកម្លាំងយោធាប្រៀបបានដូចជាមានអំណាចឯករាជ្យផ្ទាល់ខ្លួនអញ្ចឹងដោយមិនមានស្ថាប័នណាអាចបង្គាប់បញ្ជាបាននោះទេ (លើកលែងតែព្រះមហាក្សត្រ)។ មនុស្សប្រុសពេញវ័យនៅជុំវិញព្រះនគរគ្រប់វណ្ណៈថ្នាក់អាចចូលរួមបោះឆ្នោតបាន ប៉ុន្តែត្រូវផ្អែកលើប្រព័ន្ធបោះឆ្នោតបីវណ្ណៈថ្នាក់ដែលវាស់វែងទម្ងន់ និងសំឡេងឆ្នោតលើចំនួនពន្ធដែលគេបានបង់ជូនរដ្ឋ។ ជាលទ្ធផល សំឡេងឆ្នោតរបស់ពួកវណ្ណៈកណ្ដាល និងវណ្ណៈទាបដូចជាកសិករជាដើមគឺមិនមានឥទ្ធិពលច្រើនដើម្បីកំណត់អ្វីឡើយ។[១៧]

រដ្ឋធម្មនុញ្ញឆ្នាំ១៨៥០ គឺគ្រាន់តែជាទម្រង់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៨៤៨ ប៉ុណ្ណោះ។ ខុសពីរដ្ឋធម្មនុញ្ញឆ្នាំ១៨៤៨ រដ្ឋធម្មនុញ្ញថ្មីនេះគឺជាការតាក់តែងរួមរបស់សភាព្រុស ព្រះមហាក្សត្រ និងរដ្ឋមន្ត្រី។[២៣] ក្រៅពីរក្សាចំណុចសេរីនិយមពីរដ្ឋធម្មនុញ្ញចាស់ រដ្ឋធម្មនុញ្ញថ្មីដែលពួកគេតាក់តែងឡើងគឺមិនមានការផ្លាស់ប្តូរអ្វីធំដុំនោះទេដោយព្រះរាជានៅតែបន្តកាន់អំណាចក្ដោបលើស្ថាប័នរដ្ឋាភិបាលទាំងបី ហើយសភានៅតែមិនមានអំណាចគ្រប់គ្រងយោធា។

រដ្ឋធម្មនុញ្ញឆ្នាំ១៨៥០ ត្រូវបានគេធ្វើវិសោធនកម្មកែជារឿយៗក្រោយមក ដោយបានក្លាយជាច្បាប់មូលដ្ឋានរបស់ព្រុសរហូតដល់ពេលដែលចក្រភពអាល្លឺម៉ង់ត្រូវរំលាយនៅក្នុងឆ្នាំ១៩១៨។

សាសនា

រដ្ឋធម្មនុញ្ញព្រុសឆ្នាំ១៨៥០ បានអនុញ្ញាតឱ្យមានសេរីភាពខាងសតិសម្បជញ្ញៈ សេរីភាពធ្វើសក្ការៈបូជាតាមទីសាធារណៈនិងឯកជន ហើយនិងសេរីភាពក្នុងការបង្កើតសមាគមន៌សាសនាផ្សេងៗ។ រដ្ឋធម្មនុញ្ញបានចែងថា រាល់ព្រះវិហារទាំងអស់និងសហគមន៌សាសនាផ្សេងៗទៀតគួរតែអនុវត្តសកម្មភាពសាសនារៀងៗខ្លួនដោយឯករាជ្យភាព និងជាលក្ខណៈឯកជនពីរដ្ឋ ហើយគ្មានអង្គភាពណាមួយនៃរដ្ឋាភិបាលអាចប៉ះពាល់ទីកន្លែងគោរពប្រតិបត្តិសាសនាបានឡើយ។ រដ្ឋធម្មនុញ្ញឆ្នាំដដែរនោះក៏បានចែងដែរថាកុមារគ្រប់រូបគួរតែទទួលបានការបង្រៀនអប់រំអំពីសាសនារបស់ពួកគេដោយអាណាព្យាបាលរបស់ពួកគេ ឬបុគ្គលណាដែលប្រតិបត្តិសាសនាដូចគ្នា។[២៤][២៥]

យោងទៅតាមជំរឿននៅដើមដល់ពាក់កណ្តាលសតវត្សរ៍ទី១៩ ស្ថិតិសាសនានៅក្នុងរាជាណាចក្រព្រុសត្រូវបានបែងចែកជា ៦ សាសនានៅកំឡុងទសវត្សរ៍ឆ្នាំ១៨៣០ ដោយផ្អែកលើប្រជាជនចំនួនមួយលាននាក់។ ក្នុងនោះ ប្រជាជនប្រមាណ ៦០៩,៤២៧.០ បានប្រតិបត្តិគ្រិស្តសាសនាប្រតេស្តង់, ៣៧៦,១៧៧.១ នាក់ប្រកាន់គ្រិស្តសាសនាកាតូលិក, ១៣,១៤៨.៨ នាក់កាន់សាសនាជ្វីហ្វ, ៩២៥.១ កាន់គ្រិស្តសាសនាមីណូនី, ១២១.៤ នាក់កាន់សាសនាក្រិកអូស្សូដក់ និង ០.៦ នាក់កាន់ឥស្លាមសាសនា។ នៅអំឡុងពេលនោះ ព្រុសមានប្រជាជនសរុបប្រមាណ ១៤,០៩៨,១២៥ នាក់ ដូច្នេះបើបូកសរុបចូលគ្នា គេនឹងឃើញថាប្រជាជន​ប្រមាណ ៨,៥៩១,៧៧៨​ នាក់​​កាន់គ្រិស្តសាសនា​ប្រូតេស្តង់, ៥,៣០៣,៣៩២​ នាក់​ប្រតិបត្តិគ្រិស្តសាសនា​កាតូលិក, ១៨៨,១៩៣ ​នាក់​កាន់​សាសនា​ជ្វីហ្វ, ១៣,០៤២​ នាក់អនុវត្តគ្រិស្តសាសនាមីណូនី, ១,៧១២​ នាក់ប្រកាន់សាសនាក្រិកអូស្សូដក់ និង​ ៨​ នាក់កាន់ឥស្លាមសាសនា។[២៦]

ទោះជាមានចំនួនអ្នកកាន់សាសនាប្រតេស្តង់ច្រើនមែន ព្រះរាជាណាចក្រព្រុសមានប្រជាជនប្រហែលពីរទៅបីលាននាក់ប្រតិបត្តិសាសនារ៉ូម៉ាំងកាតូលិកនៅភាគខាងលិច និងនៅប៉ូឡូញ។ នៅតំបន់រ៉ាំង និងផ្នែកនៃវែស្តហ្វាលីក៏មានចំនួនអ្នកកាន់សាសនាកាតូលិកច្រើនផងដែរ។ មិនតែប៉ុណ្ណោះ នៅខេត្តព្រុសខាងកើត វ៉ាមី ស៊ីលេស៊ី និងខេត្តប៉ូសិនក៏មានចំនួនអ្នកកាន់សាសនាកាតូលិកច្រើនគួរសមផងដែរ ហើយក៏ជាអ្នកនិយាយភាសាប៉ូឡូញទៀតផង។ នៅភាគខាងកើតខេត្តព្រុសខាងកើតក្នុងតំបន់ម៉ាសូរីយ៉ា គេសង្កេតឃើញថាសម្បូរទៅដោយអ្នកកាន់សាសនាប្រតេស្តង់ច្រើន។

បំណែងចែករដ្ឋបាល

តំបន់ដើមកំណើតនៃព្រះរាជាណាចក្រព្រុសគឺមានមូលដ្ឋាននៅពញាបច្ចន្តរដ្ឋប្រង់ដឺបួរ និងពញារដ្ឋព្រុសដែលក្រោយមកនគរទាំងពីរនេះបានរួមគ្នាបង្កើតជាសហភាពមួយគឺប្រង់ដឺបួរ-ព្រុស។ តំបន់ប៉ូមេរ៉ានីមួយភាគនៅក្បែរនោះក៏ត្រូវបានកាត់បញ្ចូលជាខេត្តតូចមួយរបស់ព្រុសនៅក្នុងឆ្នាំ១៦៥៣ ហើយក្រោយមកតំបន់ទាំងមូលក៏ត្រូវកាត់បញ្ចូលក្នុងទឹកដីព្រុស (ពីស៊ុយអែត)នៅក្នុងឆ្នាំ១៧២០ និងលើកចុងក្រោយនៅក្នុងឆ្នាំ១៨១៥។ ព្រុសបន្តទទួលបានទឹកដីបន្ថែមពីសង្គ្រាមស៊ីលេស៊ី រួចបានរៀបចំវាទាំងនោះជាខេត្តស៊ីលេស៊ីនៅក្នុងឆ្នាំ១៧៤០។

នៅក្នុងដំណើរកាត់ចែករំលែកទឹកដីប្រទេសប៉ូឡូញលើកដំបូងនៅក្នុងឆ្នាំ១៧៧២ ព្រុសបានកាត់យកទឹកដីព្រុស-ហ្លួង និងតំបន់វ៉ាមីបញ្ចូលជាខេត្តព្រុសខាងលិច ខណៈពញារដ្ឋព្រុស (ជាមួយតំបន់វ៉ាមីមួយផ្នែកតូច)ត្រូវបានបង្កើតជាខេត្តព្រុសខាងកើត។ ដែនដីដែលទទួលបានផ្សេងទៀតគឺមានទីតាំងនៅតាមដងទន្លេណូតិចដែលបានក្លាយជាតំបន់ស្រុកនែតហ្សឺ។ បន្ទាប់ពីបែងចែករំលែកទឹកដីប៉ូឡូញជាលើកទីពីរនិងទីបី (១៧៩៣–១៧៩៥) ព្រុសក៏បានទឹកដីថ្មីបន្ថែម ហើយបានរៀបចំទឹកដីទាំងនោះចេញទៅជាខេត្តស៊ីលេស៊ីថ្មី ព្រុសខាងត្បូង និងព្រុសបូព៌ាថ្មី ចំណែកឯតំបន់នែតហ្សឺត្រូវបានបំបែកជាពីរចូលខេត្តព្រុសខាងលិច និងត្បូង។ ខេត្តទាំងបីដែលបានមកពីប៉ូឡូញនោះគឺសុទ្ធតែនៅក្រៅបរិវេណចក្រភពរ៉ូម៉ាំងពិសិដ្ឋ ប៉ុន្តែពេលដល់សម័យសង្គ្រាមណាប៉ូលេអូនិក ខេត្តទាំងនោះក៏ត្រូវបានបំបែកចេញពីព្រុសវិញតាមរយៈសន្ធិសញ្ញាទីលស៊ីត ហើយរួមបង្កើតជាមហាពញារដ្ឋប៉ូឡូញក្រោមការត្រួតត្រារបស់បារាំង។​ ក្រោយសង្គ្រាមបានបញ្ចប់ មហាពញារដ្ឋប៉ូឡូញនោះក៏បានស្រូបបញ្ចូលទៅក្នុងព្រះរាជសមាជប៉ូឡូញរបស់ចក្រភពរុស្ស៊ីតាមរយៈសមាជទីក្រុងវីយែនឆ្នាំ១៨១៥។ តំបន់ប៉ែកខាងលិចនៃខេត្តព្រុសខាងត្បូងនៅបន្តរក្សាក្រោមអំណាចព្រុសដដែរ ប៉ុន្តែក៏ប្រែឈ្មោះទៅជាមហាពញារដ្ឋប៉ូសិន។

បន្ទាប់ពីទទួលបានទឹកដីមួយចំនួនធំបន្ថែមនៅភាគខាងលិចក្រោយបិទសម័យប្រជុំសមាជក្រុងវីយែន ខេត្តចំនួន ១០ ថ្មីត្រូវបានបង្កើតឡើង ហើយខេត្តនីមួយៗត្រូវបន្តបែងចែកទៅជាតំបន់រដ្ឋបាលតូចៗបន្ថែមទៀតដែលគេហៅថា Regierungsbezirke​។ ខេត្តអស់ទាំងនោះរួមមាន៖

  • ខេត្តប្រង់ដឺបួរ (Provinz Brandenburg)
  • ខេត្តព្រុសខាងកើត (Ostpreußen), នៅក្រៅសហព័ន្ធអាល្លឺម៉ង់
  • ខេត្តយូលីក-ឃ្លីហ្វស៍-ប៊ែក (Provinz Jülich-Kleve-Berg)
  • មហាពញារដ្ឋរ៉ាំងក្រោម (Großherzogtum Niederrhein)
  • ខេត្តប៉ូមេរ៉ានី (Provinz Pommern)
  • មហាពញារដ្ឋប៉ូសិន (Großherzogtum Posen), រដ្ឋបាលស្វយ័ត និងនៅក្រៅសហព័ន្ធអាល្លឺម៉ង់
  • ខេត្តសាចសិន (Provinz Sachsen)
  • ខេត្តស៊ីលេស៊ី (Provinz Schlesien)
  • ខេត្តព្រុសខាងលិច (Provinz Westpreußen), ក្រៅសហព័ន្ធអាល្លឺម៉ង់
  • ខេត្តវែស្តហ្វាលី (Provinz Westfalen)

នៅក្នុងឆ្នាំ១៨២២ ខេត្តយូលីក-ឃ្លីហ្វស៍-ប៊ែក និងរ៉ាំងក្រោមក៏ត្រូវបានបង្រួមចូលគ្នាជាខេត្តរ៉ាំងតែមួយ។ នៅឆ្នាំ១៨២៩ ខេត្តព្រុសខាងកើត និងលិចក៏បានរួមបញ្ចូលគ្នាក្លាយជាខេត្តព្រុសតែមួយដូចខេត្តរ៉ាំងដែរ ប៉ុន្តែក៏ត្រូវបំបែកចេញជាពីរខេត្តម្តងទៀតក្រោយធ្វើកំណែទម្រង់រដ្ឋបាលនៅឆ្នាំ១៨៧៨។ ក្សត្របុរីហូហិនសោឡាំន-ស៊ីគម៉ារីងអ៊ិន និងហេឈិងអ៊ិនត្រូវបានកាត់បញ្ចូលក្នុងទឹកដីព្រុសនៅក្នុងឆ្នាំ១៨៥០ រួចក៏រួមគ្នាបង្កើតជាខេត្តហូហិនសោឡាំន។

បន្ទាប់ពីទទួលបានជ័យជម្នះលើអូទ្រីសក្នុងសង្គ្រាមព្រុស-អូទ្រីសឆ្នាំ១៨៦៦ ទឹកដីថ្មីៗដែលបានពីសង្គ្រាមក៏ត្រូវបានរៀបចំចេញជាខេត្តចំនួនបីថ្មីមាន៖

  • ខេត្តហាណូវើ (Provinz Hannover)
  • ខេត្តហេស្សិន-ណាស្សូ (Provinz Hessen-Nassau)
  • ខេត្តឆ្លែសវីក-ហូលស្តែន (Provinz Schleswig-Holstein)

កំណត់សម្គាល់

  1. រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ (១៨១៥-១៨៦៦)
    រដ្ឋនៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង (១៨៦៧-១៨៧១)
    រដ្ឋសហព័ន្ធនៅក្នុងចក្រភពអាល្លឺម៉ង់ (១៨៧១-១៩១៨)
  2. នៅក្នុងសហព័ន្ធអាល្លឺម៉ង់ខាងជើង (១៨៦៦–១៨៧១) និងចក្រភពអាល្លឺម៉ង់ (១៨៧១–១៩១៨) ប្រធានរដ្ឋមន្ត្រីនៃព្រុសបានក្លាយជាតំណែងតែមួយនឹងអធិការបតីអាល្លឺម៉ង់។

ឯកសារយោង

  1. ១,០ ១,១ "(ជាភាសាអាល្លឺម៉ង់) Königreich Preußen (1701–1918)". Archived from the original on 2019-05-02. Retrieved 2007-05-02. {cite web}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. Ernest John Knapton. "Revolutionary and Imperial France, 1750–1815." Scribner: 1971. Page 12.
  3. "(ជាភាសាអាល្លឺម៉ង់) German Empire: administrative subdivision and municipalities, 1900 to 1910". Archived from the original on 2018-12-25. Retrieved 2007-05-02.
  4. ៤,០ ៤,១ ៤,២ ៤,៣ ៤,៤ ៤,៥ Marriott, J. A. R., និង Charles Grant Robertson. The Evolution of Prussia, the Making of an Empire. Rev. ed. Oxford: Clarendon Press, 1946.
  5. "Prussia | History, Maps, & Definition". Encyclopædia Britannica. Archived from the original on 2015-05-08. Retrieved 2020-11-02.
  6. Fueter, Eduard (1922). World history, 1815–1920. United States of America: Harcourt, Brace and Company. pp. 25–28, 36–44. ISBN 1-58477-077-5.
  7. Danilovic, Vesna. "When the Stakes Are High—Deterrence and Conflict among Major Powers", University of Michigan Press (2002), p 27, p225–228
  8. [១] Aping the Great Powers: Frederick the Great and the Defence of Prussia's International Position 1763–86, Pp. 286–307.
  9. [២] The Rise of Prussia Archived 10 June 2010 at the វេយប៊ែខ ម៉ាស៊ីន.
  10. Horn, D. B. "The Youth of Frederick the Great 1712–30." In Frederick the Great and the Rise of Prussia, 9–10. 3rd ed. London: English Universities Press, 1964.
  11. Horn, D. B. "The Seven Years' War." In Frederick the Great and the Rise of Prussia, pp. 81–101. 3rd ed. London: English Universities Press, 1964.
  12. Atkinson, C. T. A History of Germany, 1715–1815. New York: Barnes & Noble, 1969.
  13. Walker, Mack, The Salzburg transaction: expulsion and redemption in eighteenth-century Germany, (Cornell University Press, 1992), 74.
  14. ១៤,០ ១៤,១ ១៤,២ ១៤,៣ Feuchtwanger, E. J. Prussia: Myth and Reality: The Role of Prussia in German History. Chicago: Henry Regnery Company, 1970.
  15. Shennan, Margaret. The Rise of Brandenburg-Prussia. London: Routledge, 1995
  16. ១៦,០ ១៦,១ Rothbard, Murray N. (1999). Education: Free & Compulsory. Auburn, Alabama: The Ludwig von Mises Institute. pp. 24–27. ល.ស.ប.អ. 0-945466-22-6. https://archive.org/details/educationfreecom00roth/page/24. 
  17. ១៧,០ ១៧,១ ១៧,២ ១៧,៣ Peter, Jelena (1 February 2000). "(ជាភាសាអាល្លឺម៉ង់) Das Preußische Dreiklassenwahlrecht". Deutsches Historisches Museum. Retrieved 18 February 2025.
  18. Constitution of the Kingdom of Prussia 
  19. Jacoby 1973, p. 34.
  20. Hintze, Der Commissarius
  21. Robinson, James Harvey (September 1894). "The Constitution of the Kingdom of Prussia". Annals of the American Academy of Political and Social Science: 12–13.
  22. "(ជាភាសាអាល្លឺម៉ង់) [oktroyierte] Verfassungsurkunde für den preußischen Staat vom 5. Dezember 1848 documentArchiv.de". documentArchiv.de. Retrieved 12 February 2025.
  23. Robinson, James Harvey ( (September 1894). "The Constitution of the Kingdom of Prussia". Annals of the American Academy of Political and Social Science: 13–14.
  24. (1894)"Supplement: Constitution of the Kingdom of Prussia". Annals of the American Academy of Political and Social Science 5 (Supplement 8): 1–54.
  25. Burgess, John (1887). "The Culturconflict" in Prussia". Political Science Quarterly 2: 313–340. DOI:10.2307/2139282.
  26. Hebeler, Bernard (1847). "Statistics of Prussia". Journal of the Statistical Society of London 10: 154–186. DOI:10.2307/2337688.

គន្ថនិទ្ទេស