ឦសានវរ្ម័នទី១

ឦឝានវម៌្មទី១
វ្រះបាទ
រជ្ជកាល៦១០-៦៣៥
រាជ្យមុនវ្រះបាទមហេន្ទ្រវម៌្ម
រាជ្យបន្តវ្រះបាទភវវម៌្មទី២
ស្វាមី/មហេសីព្រះនាងសករមន្ជរិ
បុត្រព្រះឝិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ ម្ចាស់ក្សត្រីសុវណ៌
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាវ្រះបាទមហេន្ទ្រវម៌្ម
ប្រសូតឝម្ភុបុរ
សុគត៦៣៥
ឦឝានបុរ

វ្រះបាទឦឝានវម៌្មទី១ឦឝានសេនាឦសានវរ្ម័នទី១ (ចិនសម័យ: 伊奢那先代) (គ.ស ?-៦៣៥) រជ្ជកាល (គ.ស ៦១០-៦៣៥) ទ្រង់ជាព្រះមហាក្សត្រខ្មែរនៃរាជាណាចក្រកម្វុជនៅក្នុងសតវត្សទី៧ ដែលក្រោយមកទៀតក្លាយជាអធិរាជាណាចក្រកម្វុជទេឝ។ ព្រះអង្គជាបុត្រ និង អ្នកស្នងរាជ្យបន្តពីវ្រះបាទមហេន្ទ្រវម៌្ម

បន្ទាប់ពីវ្រះបាទមហេន្ទ្រវម៌្មសោយទិវង្គតទៅ វ្រះបាទឦឝានវម៌្មទ្រង់បានប្រែឈ្មោះរាជធានីឝម្ភុបុរទៅជាឦឝានបុរវិញ។ សម្បូរព្រៃគុហ៍ សំណង់ប្រាសាទប្រវត្តិសាស្ត្រត្រូវបានគេបញ្ជាក់ថាជាឦឝានបុរ រាជធានីនៃកម្វុជនាសតវត្សទី៧។[] ប្រាសាទសំខាន់ៗនៅសម្បូរព្រៃគុហ៍ត្រូវបានគេនិយាយថាបានស្ថាបនាដោយវ្រះបាទឦឝានវម៌្មទី១។ សួយឝ៊ូ (វស្សប្បវត្តិនៃរាជវង្សសួយចិន) បានចងក្រងនៅឆ្នាំ៦៣៦នៃគ.ស ថ្លែងថានៅចំណាប់ផ្ដើមនៃសតវត្សទី៧ត្រូវបានគ្រប់គ្រងដោយ ក្សត្រមួយអង្គ យីឝឹណាឝៀនតាយ (伊奢那先代)។ សិលាចារឹកនៅប្រាសាទតូច ប្រាសាទបាយ៉ង់ វត្តចក្រឹត ក្ដីអង្គជំនីក និង សម្បូរណ៍ព្រៃគុហ៍ត្រូវបានគេសន្មតថានៅក្នុងរជ្ជកាលនៃព្រះបានឦឝានវម៌្មទី១។ សិលាចារឹកចុងក្រោយបង្អស់បានសន្មតថាព្រះអង្គដែលត្រូវចោះកាលបរិច្ឆេទដល់ឆ្នាំ៦២៧នៃគ.ស (ស័ក៥៤៩) ដែលសិលាចារឹកមានកាលបរិច្ឆេទតែមួយប៉ុណ្ណោះសន្មតថាត្រូវនឹងស្ដេចស្នងរាជ្យបន្តពីព្រះអង្គ គឺវ្រះបាទភវវម៌្មទី២ ក្នុងឆ្នាំ៦៣៩នៃគ.ស។[] សិលាចារឹកជាច្រើនបានបញ្ជាក់ពីជោគជ័យរបស់ព្រះអង្គ។ នៅពេលដែលគេនិយាយពីព្រះអង្គ គេតែងនិយាយពីការធ្វើសឹកសង្គ្រាមពង្រីកទឹកដី។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ វិសាលភាពទឹកដីរីកធំទូលាយយ៉ាងខ្លាំង ដែលព្រំដែនខាងលិចទៅទល់នឹងជ្រលងខាងលើនៃទន្លេមេទឹក (ដែលពេលនោះគ្រប់គ្រងដោយរាជាណាចក្រទ្វារវតី) និងខាងជើងទៅដល់កណ្ដាលប្រទេសលាវ​បច្ចុប្បន្ន។

រាជធានី

យើងទទួលបានព័ត៌មានឣំពីរាជធានីឦឝានបុរតាមរយៈ កំណត់ហេតុនៃរាជវង្សសួយ ដូចមានជាឣាទិ៍ ទីក្រុងនេះមានប្រជាជនរស់នៅជាងពីរមឺុនគ្រួសារ ហើយនៅចំកណ្ដាលទីក្រុងមានឣាសនៈធំសម្រាប់ព្រះរាជសវនការរបស់ព្រះរាជា។ នៅសតវត្សទី៧ ឣ្នកធម្មយាត្រាចិនដ៏ល្បីល្បាញមួយរូបឈ្មោះ ស្ឈៀនហ្សាង (玄奘 ថាងចេង រឺ ថាងស្ឈៀនហ្សាងប្អូនធម៌របស់ស្ដេចលីស៊ឺមិង ដែលមានព្រះនាមសម្រាប់រាជ្យថាថាងថាយជុង) បាន ប្រើឈ្មោះរាជធានីឦឝានបុរ សម្រាប់សំគាល់ ប្រទេសកម្ពុជាទាំងមូលនាសម័យនោះ។ តំលៃផ្នែកនយោបាយនិងសាសនានៃរាជធានីឦឝានបុរស្ដែងឡើងតាមរយៈវិសាលភាពនៃសំណង់សាសនានិងការរៀបចំដែនដីនៅក្រោមរាជ្យ វ្រះបាទឦឝានវម៌្មទី១។ ក្នុងចំណោមប្រាង្គប្រាសាទទាំងឣស់ដែលមានចំនួនរាប់រយក្រុមប្រាសាទខាងត្បូង និងក្រុមខាងជើងមានសារៈសំខាន់ជាងគេ។

នយោបាយ

នៅ​ខាង​ជើងភ្វូណាន ត្រង់​កន្លែង​មធ្យម​នៃ​ទន្លេ​មេគង្គ​ជា​ចន្លោះ​ខោន​ និង​ថា​ខែត្រ​ក្នុង​តំបន់​ដី​ខ្ពស់ នោះ​មាន​ស្រុក​ប្រទេស​រាជ​មួយ​ជា​ពួក​កម្ពុជា នៅ​ទី​នោះ​ហើយ​ដែល​កាល​ក្នុង​កណ្ដាល​គ្រិស្ដសករាជ ៦០០​ឆ្នាំ មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ជា​រាជវង្ស​ពី​ស្រុកភ្វូណាន​សោយរាជ្យ​នៅ​នគរ​នោះគឺ ​ភវវម៌្ម​ទី​១ ដោយ​ហេតុ​ភាន់​ប្រែ​អ្វី​ដែល​យើង​មិន​បាន​ដឹង​ជាក់​នោះ ស្ដេច​ក៏​តាំង​ព្រះអង្គ​ជា​ឯករាជ្យ​ឡើង ហើយ​ដោយ​បាន​ព្រះអង្គ​ម្ចាស់​ចិត្រសេនា​ ជា​ព្រះ​អនុជ​ជួយ​ផង ក៏​តាំង​លើក​កង​ទ័ព​ទៅ​វាយ​នគរ​ដែល​ស្ដេច​ធ្លាប់​ឡើង យក​បាន​ខែត្រ​ទាំង​ប៉ុន្មាន​ក្នុង​តំបន់​ខាង​ជើង​ ហើយ​នគរ​នេះ​ក៏​ផ្លាស់​ទីក្រុង​ទៅ​តាំង​នៅ​តំបន់​ខាង​ត្បូង​វិញ គឺ​ការ​កើត​ភាន់​ប្រែ​ដោយ​ខ្មាំង​សត្រូវ​លុកលុយ​ជា​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​រួច​ហើយ។ ក្នុង​គ្រិស្តសករាជ ៧០០​ឆ្នាំ ស្ដេច​ដែល​កាន់​កាប់​ជា​តំណ​អំពី​ស្ដេច​បង​ប្អូន​ទាំង​ពីរ​អង្គ​ក៏​តាំង​សម្រេច​កិច្ច​ភ្ជាប់​ប្រទេស​កម្ពុជា​ក្រោម​មក​ក្នុង​អាណា​ខែត្រ​បាន ប្រទេស​កម្ពុជា​ក្រោម​ដែល​កាល​ពី​ដើម​ជា​ទី​កន្លែង​ដ៏​មាន​ឫទ្ធានុភាព​របស់ភ្វូណាន បាន​មក​ជា​ដែន​របស់​ពួក​កម្ពុជា​វិញ មាន​ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះ​នាមឦឝានវម៌្ម​ទី​១ បាន​សាង​ទីក្រុង​មួយ​ដែល​គេ​ស្គាល់​បាន​សព្វ​ថ្ងៃ​ថា​ សម្បូរណ៍​ព្រៃគុហ៍ ហើយ​ស្ដេច​មួយ​អង្គ​ទៀត​ ទ្រង់​ព្រះ​នាមជយវម៌្ម​ទី​១ ទំនង​ជា​បាន​តាំង​ទីក្រុង​នៅ​អង្គរបូរី​សម័យ​ទាំង​មូល​នេះ (តាំង​ពី​ដែល​រលាយ​ស្រុកភ្វូណាន​ពី​គ្រិស្តសករាជ ៥៥០ ទៅ​ទល់​នឹង ៨០០) រាប់​បញ្ចូល​ជា​សម័យ​ដើម​ដំបូង​ ឬ​សម័យ​មុន​អង្គរ ក្នុង​ពង្សាវតារ​ស្រុក​ខ្មែរ។ ព្រះអង្គ​បាន​បន្ត​នយោបាយ​វាយ​ប្រហារ​បង្រួបបង្រួម​ទឹកដី​នគរភ្វូណាន​បញ្ចូល​មក​ក្នុង​នគរ​ចេនឡា ឲ្យ​មាន​តែ​នគរ​កម្ពុជា​តែ​មួយ។ មានសេចក្ដីសន្និដ្ឋានថា ភ្វូណានប្រហែលក្លាយជា​ចំណែកនៃនគរចេនឡា នៅក្នុងរជ្ជកាលស្ដេច ឦឝានវម៌្មទី១ នៃនគរចេនឡា ប្រហែលក្នុងឆ្នាំ៦២៧ ឬមិនយូរ​ប៉ុន្មានក្រោយឆ្នាំនេះ។ ក្នុង ​គ.ស​ ៦៣០ ព្រះអង្គ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​អង្គរបូរី។ ដូច្នេះ នយោបាយ​បង្រួបបង្រួម​ជាតិ​ដែល​ចាប់​ផ្ដើម​អនុវត្ត​ក្នុង​រជ្ជកាល​វ្រះបាទ​ភវវម៌្មទី១ ត្រូវ​បាន​សម្រេច​ចប់​សព្វគ្រប់​ជា​ស្ថាពរ​ក្នុង​រាជ្យ​របស់​ព្រះអង្គ។ ដោយសារ​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ពិត​ជា​អ្នក​ចម្បាំង ទើប​បាន​ជា​សិលា​ចារឹក​ខ្មែរ​នៅ​វត្ត​ចក្រឹត និង​ស្វាយឆ្នូ អួត​សរសើរ​ថា «ព្រះអង្គ​មាន​ឫទ្ធិ​ស្មើ​នឹង​ព្រះឥន្ទ្រ មាន​តេជៈបារមី​ស្មើ​នឹង​ព្រះ​ហរិ (ព្រះហរិ គឺ​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍)» ។ល។ ក្នុង​គ.ស ​៦១៦ ប្រហែល​ជា​ក្នុង​ន័យ​រារាំង​បរទេស​កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​រឿង​ខ្មែរ ទើប​បាន​ជា​ព្រះអង្គ​បញ្ជូន​ព្រះតំណាង​ឲ្យ​ទៅ​គាល់​ស្ដេច​ចិន ដោយ​មាន​ទាំង​នាំ​យក​ទៅ​ថ្វាយ​នូវ​របស់​របរ​ដ៏​មាន​តម្លៃ​ជាច្រើន​ផង។ ក្នុង​គ.ស​ ៦២៣ និង​៦២៨ ព្រះរាជ​តំណាង​ខ្មែរ​បាន​ទៅ​គាល់​ស្ដេច​ចិន​ពីរ​លើក​ទៀត។ ប្រហែល​ជា​ក្នុង​ន័យ​ដដែល​នេះ​ដែរ ទើប​បាន​ជា​ព្រះអង្គ​សុខចិត្ត​រៀបការ​បុត្រី​ព្រះអង្គ​ព្រះនាម​ម្ចាស់ក្សត្រី​សុវណ៌ ជាមួយ​និងចៅទួត​របស់​ព្រះមហាក្សត្រ​នគរ​ចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាង​ប្រសូត្រ​បាន​រាជបុត្រ​មួយ​ព្រះអង្គ​ដែល​ក្នុង​គ.ស​ ៦៥៣ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​ចាម្ប៉ា។ ព្រះនាម​ព្រះអង្គ​ជាក្សត្រ​គឺ វិក្រាន្ត។ ព្រះអង្គ​មាន​សន្ដាន​ចិត្ត​ជ្រះថ្លា​នឹង​សាសនា ដោយ​បាន​កសាង​ និង​ជួយ​ឧបត្ថម្ភ​ជាច្រើន។ វ្រះបាទ​ឦឝានវម៌្មទី១ បាន​រើដូរ​ព្រះរាជធានី​ពី​វ្យាធបុរ មក​គង់​នៅ​ឯ​សម្បូណ៌ព្រៃគុហ៍ ក្នុង​ខេត្ត​កំពង់ធំ​បច្ចុប្បន្ន។ ពីព្រោះ​ព្រះអង្គ​យល់​ថា ទីក្រុង​ថ្មី​នេះ ដែល​មាន​ឈ្មោះ​ថាឦឝានបុរ ស្ថិត​នៅ​ចំកណ្ដាល​ប្រទេស និង​នគរ​ចំណុះ​ទាំងអស់។ សក្ខីភាព​របស់​អ្នក​ដំណើរ​ចិន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះរាជធានី​ឦឝានបុរ មាន​ផ្ទះ​ប្រមាណ​ជា​ពីរ​ម៉ឺន​ខ្នង។ ជាមួយគ្នា​នេះ​ដែរ តាម​រយៈ​ប្រាសាទ និង​សិលាចារឹក​ជំនាន់​រាជ្យ​របស់​ព្រះអង្គ​ដែល​មាន​សេសសល់​រហូត​មក​ដល់​សព្វថ្ងៃ គេ​អាច​ដឹង​ថា អរិយធម៌​ខ្មែរ​នៅ​សម័យ​នោះ បាន​រីកចម្រើន​លូនលឿន​ ថ្កុំថ្កើង ភ្លឺចិញ្ចែងចិញ្ចាច។ ក្នុង​រជ្ជកាល​វ្រះបាទ​ឦឝានវម៌្ម ប្រាង្គ​ប្រាសាទ​នានា​ច្រើន​តែ​សង់​អំពី​ឥដ្ឋ ដោយ​មាន​ក្លោងទ្វារ​ធ្វើ​អំពី​ថ្ម ហើយ​មាន​កំពូល​ខ្ពស់​ទៅ​លើ។ ចំណែក​អក្សរ​ដែល​គេ​សរសេរ​ចារ​នៅ​លើ​សិលចារឹក​វិញ បុព្វបុរស​ខ្មែរមិន​មែន​ត្រឹមតែ​ចារ​ជាភាសា​សំស្ក្រឹត​ទេ គេ​បាន​ទាំង​ចារ​ជា​ភាសា​ខ្មែរ​ទៀត។ រី​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ឈ្មោះសួយ (ជា​ឈ្មោះ​ព្រះរាជវង្ស​ស្ដេច​ចិន​ដែល​បាន​សោយរាជ្យ​ពី​គ.ស ​៥៨៩ ទៅ​ដល់​គ.ស ​៦១៨) ដែល​និពន្ធ​ចងក្រង​ដោយ​តំណាង​ប្រទេស​ចិន​នៅ​កម្ពុជា បាន​រៀបរាប់​អំពី​សវនការ​វ្រះបាទឦឝានវម៌្ម និង​ការ​រស់​នៅ​របស់​ប្រជានុរាស្ត្រ​ខ្មែរ​យ៉ាង​ច្បាស់លាស់​ដែល​យើង​អាច​ចាត់​ទុក​ជា​សក្ខីភាព​មួយ​យ៉ាងសំខាន់។ ឯកសារ​ដដែល​បាន​កត់ត្រា​ថា ប្រទេស​ខ្មែរ​តែងតែ​មាន​ចម្បាំង​ជា​ញឹកញាប់​ជាមួយនឹង​នគរ​ចាម្ប៉ា (ប្រទេស​ចាម ក៏ដូចជា​ប្រទេស​ខ្មែរ​ដែរ មាន​នគរ​តូច​ធំ​ជាច្រើន ដែល​មាន​ស្ដេច​សោយរាជ្យ​ខុស​អំពី​គ្នា)។ ជាពិសេស នគរ​ចាម​ដែល​ស្ថិត​នៅ​ជាប់​នឹង​សមុទ្រ។ បន្ទាប់​ពី​ព្រះបាទ​ឦឝានវម៌្មទី១​ចូល​ទិវង្កត​ក្នុង​គ.ស​ ៦៣៥ ប្រទេស​ខ្មែរ​បាន​ជួប​ប្រទះ​ចលាចល​ រំជើបរំជួល និង​អសន្តិសុខ​ពាសពេញ​នគរ។

ព្រះមហាក្សត្រអង្គទី៣ នៃចេនឡាព្រះនាមថាឦឝានវម៌្មទី១ ទ្រង់មានអំណាចខ្លាំងក្លាណាស់ ទ្រង់បានបង្រ្កាបអាណាចក្រភ្វូណានរឹបអូសបញ្ចូលជាដែនដីអាណាចក្រចេនឡាទាំងស្រុងក្នុងព.ស ១១៧០ ហើយពង្រីកអាណាខេត្តចេញទៅស្ទើរគ្រប់ទិសជាពិសេសទិសខាងលិចលាតសន្ទឹងទៅដល់ខេត្តចន្ទបុរី។

ក្រៅពីសម្ថតភាពផ្នែកសំណង់សាសនានគរភាវូបនីយកម្ម និងសិល្បៈសូនរូប វ្រះបាទឦឝានវម៌្មទី១ បានរៀបចំប្រព័ន្ធសេដ្ឋកិច្ចរឹងមាំមួយដែលពឹងផ្អែកជាសំខាន់ទៅលើទិន្នផលកសិកម្ម។ ព្រះអង្គសម្រួលនូវទស្សនៈ «នយោបាយ−សាសនា» ដែលមានប្រភពនៅប្រទេសឥណ្ឌាមកឣនុវត្តនៅក្នុងឣាណាចក្រខ្មែរក្នុងគោលបំណងពង្រឹងឣំណាចរាជានិយម។ រាជធានីឦឝានបុរពី រាជ្យព្រះបាទភវវម៌្មទី២ រហូតដល់រាជ្យ វ្រះបាទជយវម៌្មទី៧

សាសនា

ឯកសារ​សិលាចារឹក​ទាំង​នេះ បាន​រាប់រៀប​អធិប្បាយ​បញ្ជាក់​អំពី​ជំនឿ​របស់​ព្រះមហាក្សត្រ​ អ្នក​ដឹកនាំ និង​ប្រជារាស្ត្រ​ដែល​គោរពបូជា​ព្រហ្មញ្ញសាសនា តែ​ឲ្យ​តំលៃ​ទៅ​លើ​ព្រះហរិហរៈ។ ព្រះហរិហរៈ ជា​ព្រះបដិមា​មួយ​អង្គ​ដែល​មាន​ពាក់​កណ្ដាល​ជា​ព្រះវិស្ណុ និង​ពាក់​កណ្ដាល​ទៀត​ជា​ព្រះឥសូរ។ ដូច្នេះ ព្រះបដិមា​តែ​មួយ​តំណាង​ព្រះវិស្ណុ​ផង ព្រះឥសូរ​ផង។ ប៉ុន្តែ​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា រួម​រស់​នៅ​ជាប់​ជាមួយ​គ្នា​ដោយ​សុខសាន្ត គ្មាន​ការ​ប្រកាន់ ឬ​ប៉ះទង្គិច​គ្នា​​ឡើយ។ នៅ​តាម​កន្លែង​គោរព​បូជា នៅ​តាម​សាលា ឬ​នៅ​ផ្ទះសំណាក់​តាម​ដង​ផ្លូវ​សម្រាប់​អ្នកដំណើរ គេ​ឃើញ​មាន​ព្រះពុទ្ធបដិមា និង​រូប​ព្រះអាទិទេពទាំងឡាយ​ក្នុង​ព្រហ្មញ្ញសាសនា​ដាក់​តាំង​លើ​ហ៊ឹង​លើ​អាសនៈជាមួយ​គ្នា។ ប្រាសាទដែលស្ថិតនៅចំកណ្តាលនៃទីកក្រុងនេះឧទ្ទិសទៅព្រះសិវៈ (ព្រះហសិតេស្វរ)ហើយជាទីតម្កល់នូវរូបសិវលិង្គធ្វើរឣំពីមាសដែលជានិមិត្តរូបនៃព្រះឣាទិទេព។ លទ្ធិដែលចម្លងចេញមកពីប្រទេសឥណ្ឌានេះត្រូវបានគេប្រណិប័តន៍នៅក្នុងរាជវង្សខ្មែរចាប់តាំងពីរាជ្យវ្រះបាទចិត្រាសេនា-មហេន្ទ្រវម៌្មមកម្ល៉េះ។ ក្រៅឣំពីប្រាសាទដែលជាស្នាព្រហស្ថរបស់វ្រះបាទឦឝានវម៌្មទី១ ព្រះមហេសីរបស់ព្រះឣង្គព្រះនាមសករមន្ជរិ ក៏បានកសាងប្រាសាទមួយចំនួនដើម្បីឧទិ្ទសទៅព្រះសិវៈ និងឣាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា។ ជាមួយគ្នានេះក៏មានការប្រណិប័តន៍ព្រះពុទ្ធសាសនាដោយសំឣាងទៅ លើសិលាចារឹក ជាភាសាសំស្ក្រឹតមួយផ្ទាំង រៀបរាប់ឣំពីសេនាជំនិតព្រះមហាក្សត្រមួយរូបឈ្មោះវិទ្យយវិសេស ដែលជាជនប្រកបដោយចំណេះដឹងនិងប្រណិប័តន៍យ៉ាងខ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនា។ តម្រាមួយចំនួនពោលថា សាសនាព្រហ្មញ្ញលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។

ព្រះញាតិវង្សចុះពីព្រះអង្គ

ផ្អែកលើសិលាចារឹកព្រះបាទឦឝានវម៌្មទី១ មានបុត្រា ៣ ឣង្គព្រះនាមឝិវទត្តជាបុត្រាទីពីរដែលគ្រប់គ្រងនៅក្នុងតំបន់ឣរញ្ញប្រទេឝ (ប្រទេសថៃសព្វថ្ងៃ) និងព្រះបាទភវវម៌្មទី២ ជាបុត្រាទី១ ដែលបន្ដសោយរាជពីព្រះឣង្គនៅសម្បូរណ៍ព្រៃគុហ៍ ចំណែកឯបុត្រាទី៣ ព្រះនាមមិនបានវែកញែកស្គាល់តែគោរម្យងារ យុវរាជ (ម្កុដរាជកុមារ)។ ព្រះបាទជយវម៌្មទី១ត្រូវជាចៅព្រះបាទឦឝានវម៌្មទី១ ព្រះឣង្គបានផ្លាស់ប្ដូររាជធានីពីសម្បូរណ៍ព្រៃគុហ៍ទៅតំបន់ឣង្គរវិញបន្ទាប់ពីរាជ្យព្រះបាទភវវម៌្មទី២ដែលជាក្សត្រស្ថាបនិកក្រុមខាងជើងនៃប្រាសាទសម្បូរណ៍ព្រៃគុហ៍។ នៅក្នុងសម័យចេនឡា មានព្រះមហាក្សត្រ ៣ ព្រះអង្គដែលមានព្រះកិត្តិនាមល្បីល្បាញគឺ ព្រះបាទភវវម៌្មទី១ វ្រះបាទមហេន្ទ្រវម៌្ម និងព្រះបាទឦឝានវម៌្មទី១ ដែលបានសោយរាជ្យបន្តបន្ទាប់គ្នានៅរាជធានីមួយនេះ។ ប្រវត្តិសាស្ត្របុរាណនៃរាជវង្សថាង (ជីវថាងឝ៊ូ) រៀបរាប់អំពីចំណងមិត្តភាពរវាងអាណាចក្រខ្មែរ និងចាម ដែលបន្តតាំងពីរាជ្យព្រះបាទចិត្រសេនា-មហេន្ទ្រវម៌្ម រហូតដល់រាជ្យព្រះបាទឦឝានវម៌្មទី១ ដែលត្រូវជាបុត្រ។ សម្ព័ន្ធភាពនេះកាន់តែជិតស្និទថែមទៀតក្រោយពីអភិសេកបុត្រាស្ដេចចាម និងបុត្រីព្រះបាទឦឝានវម៌្មទី១ ព្រះនាមសុវណ៌ បន្ថែមលើទំនាក់ទំនងទៅវិញទៅមកផ្នែកវប្បធម៌។ រីឯសម្ព័ន្ធភាពជាមួយអធិរាជចិនក៏ប្រព្រឹត្តទៅមិនដាច់ដូចគ្នាដែរ។ ជាក់ស្ដែង បន្ទាប់ពីឡើងសោយរាជ្យភ្លាមព្រះអង្គបានបញ្ជូនរាជទូតទៅគាល់ព្រះចៅអធិរាជចិននៃរាជវង្សសួយ (៥៨១-៦១៨) ហើយដំណើរនេះបន្តរហូតមកដល់សម័យរាជវង្សថាង (៦១៨-៩០៧)។

ប្រាសាទ

ប្រាសាទសម្បូរណ៍ព្រៃគុហ៍ មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ២៥ គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុហ៍ជារាជធានីចាស់បុរាណ ឈ្មោះ ឦឝានបុរ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់​ ដែលលំអដោយចម្លាក់ពីលើឥដ្ឋ ឬ ចាក់ពុម្ពដោយបាយអ ជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទ នេះកសាងឡើងនៅរជ្ជកាលវ្រះបាទឦឝានវម៌្មទី១ ក្នុងសតវត្សទី៧។ ក្រុមប្រាសាទសម្បូរណ៍ព្រៃគុហ៍ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ១៩៧១ មកម៉្លេះ ហើយត្រូវបានរៀបចំសាជាថ្មី នៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន ១៤០ ប្រាសាទ។ រមណីដ្ឋានសម្បូរណ៍ព្រៃគុហ៍ ចែកចេញជា៤ក្រុមធំៗគឺ៖

  • ១.ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើន ប្លែកៗគ្នា។
  • ២.ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិស ទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្សទី៩។
  • ៣.ក្រុមប្រាសាទខាងត្បូងៈ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង ៤ ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
  • ៤.ក្រុមប្រាសាទក្រោរមាស: មានទីតាំងនៅខាងជើងចម្ងាយ ២ គ.ម ពីប្រាសាទសំបូរព្រៃគុហ៍ មានតួប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

ព្រះរាជពង្សាវលី

  • ព្រះអយ្យកា ព្រះនាម ព្រះបាទវីរវម៌្ម ជាអតីតព្រះមហាក្សត្រនៃអតីតទឹកដីចេនឡា។

ឯកសារយោង

  1. “Coedès‟ Histories of Cambodia”.page 11.
  2. BEFEO 1904 Archived 2022-05-10 at the វេយប៊ែខ ម៉ាស៊ីន..page 693.
  • Bulletin de l'Ecole française d'Extrême-Orient 1904 - BEFEO 1904
  • Vickery, Michael. (2000) "Colloque George Coedès aujourd‟hui". Bangkok, Centre d‟Anthropologie Sirindhorn, 9–10 September 1999.

Published as “Coedès‟ Histories of Cambodia”, in Silpakorn University International Journal (Bangkok,), Volume 1, Number 1, January–June 2000, pp. 61–108.

  • Vickery, Michael. (1998). "Society, economics, and politics in pre-Angkor Cambodia: the 7th-8th centuries." :Centre for East Asian Cultural Studies for Unesco. ISBN 9784896561104
  • Marr, David G./ Millner, A. C./ Gungwu, Wang (1986). "Southeast Asia in the Ninth to Fourteenth Centuries.". ISBN 9971988399
  • Majumdar, Ramesh Chandra. (1980). "Kambuja-Deśa: or, An ancient Hindu colony in Cambodia." :Institute for the Study of Human Issues. ISBN 0915980282

តំណខាងក្រៅ

គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទមហេន្ទ្រវម៌្ម
ក្សត្រចេនឡា
៦១០-៦៣៥
តដោយ
វ្រះបាទភវវម៌្មទី២